ខេត្តរតនគិរី ៖ អាចចាត់ទុកជាសោកនាដកម្ម គួរឲ្យរន្ធត់ប្រចាំខេត្តរតនៈគិរី បន្ទាប់ពីបុរស ២នាក់បងប្អូន បានឆេះរលាករលួយពេញខ្លួន ដោយសារបើករថយន្ត ដឹកសាំងចំណុះ ២០០លីត្រ និង៣០ប៊ីដុង ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងបណ្តាលឲ្យ ក្រឡាប់ផ្ទុះឆេះរថយន្ត និងមនុស្សកាលពីម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នៅចំណុចភ្នំកាច់ចង្កេះ ស្ថិតក្នុងភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ។
ក្រុមគ្រួសារបានសម្រេចបញ្ជូន ជនរងគ្រោះទាំងពីរនាក់បងប្អូននេះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ រថយន្តដែលក្រឡាប់ ផ្ទុះឆេះនេះម៉ាក តាកូម៉ា ព៌ណស មិនស្គាល់ស្លាកលេខដោយសារឆេះអស់ ហើយសមត្ថកិច្ចបានជួយ ដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ តែបើតាមការអះអាងរបស់សមត្ថកិច្ច គឺជនរងគ្រោះទាំងពីរនាក់នេះ គ្មានសង្ឃឹមរស់ ដោយសារភ្លើងបានឆាបឆេះរលាករលួយពេញខ្លួន ។
ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ កាន់ វិច្ឆិកា អាយុ ២៥ឆ្នាំ ជាបងនិងជាអ្នកបើកបរ ហើយ បុរសជាប្អូនមានឈ្មោះ កាន់ សី អាយុ ១៨ឆ្នាំ មានទីលំនៅក្នុងភូមិ៥ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ជនរងគ្រោះទាំងពីរនាក់ ត្រូវភ្លើងឆេះ រោលខ្មៅពេញដងខ្លួន មើលទៅគួរឲ្យរន្ធត់ខ្លាំងណាស់ ហើយក្រុមគ្រួសារ បានសម្រេចបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណាម ជាមួយនឹងក្តីសង្ឃឹម តិចតួចប៉ុណ្ណោះ៕
Source from: watphnom-news.com

Loading...
Loading...