រាជធានីភ្នំពេញ ៖ គ្រាន់តែមានភ្លៀងធ្លាក់ ប៉ុន្មានមេចុងក្រោយនេះ រាជធានីភ្នំពេញ ត្រូវបានលិចលង់ ហើយផ្នែកខ្លះទឹកមិនទាន់ ស្រកវិញនៅឡើយទេ បង្កការលំបាកយ៉ាងខ្លាំង ចំពោះប្រជាពលរដ្ឋ ជាពិសេសមានការ កកស្ទះចរាចររាប់ម៉ោង ដោះស្រាយមិនចេញ គេមិនបានឃើញអាជ្ញាធរ ដោះស្រាយបញ្ហានេះឲ្យបានសមស្រប នៅឡើយទេ បើទោះបីជាពេល ឡើងកាន់តំណែងភ្លាមៗ លោក ប៉ា សុជាតិវង្ស បានសន្យាដោះស្រាយ បញ្ហាទឹកភ្លៀងលិចភ្នំពេញ ក៏ដោយ។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគព្រឹត្តិការណ៍ នយោបាយ បានឲ្យដឹងថា យើងធា្លប់បានដឹងហើយថា នៅក្នុងរាជធានីភ្នំពេញ បើទោះបីជាមិនមាន ជំនន់ទឹកភ្លៀង ឬជំនន់ទន្លេមេគង្គ ក៏ដោយ រាល់ពេលមានភ្លៀង ធ្លាក់ខ្លាំងម្តងៗ គឺត្រឹមតែមួយមេធំ ឬពីរមេ គេតែងសង្កេតឃើញថា ផ្លូវថ្នល់ និងផ្ទះប្រជាពលរដ្ឋ មួយចំនួនត្រូវរង នូវការលិចលង់។ ការមិនបានរៀបចំប្រព័ន្ធមេ នៃប្រព័ន្ធលូទឹក ផ្នែកខាងក្រោម ឲ្យបានត្រឹមត្រូវ ការលប់បឹង និងកំណើនប្រជាជនពលរដ្ឋ ជាមូលហេតុសំខាន់ ក្នុងការជន់លិចផ្លូវថ្នល់ និងផ្ទះសំបែងនេះ។
ពាក់ព័ន្ធនឹងការលិចផ្លូវ និងផ្ទះ នៅក្នុងរាជធានីភ្នំពេញ រាល់ពេលមានភ្លៀងធ្លាក់នេះ មន្ត្រីអាជ្ញាធររាជធានីភ្នំពេញ ហាកដូចជាខ្វះភាពទទួលខុសត្រូវ ក្នុងការរកដំណោះស្រាយ។ តែយ៉ាងណាក៏ដោយ ដើម្បីបញ្ជៀសការលិចទឹក នៅក្នុងរាជធានីភ្នំពេញ ខណៈដែលមានភ្លៀង ធ្លាក់នោះ ត្រូវបានអ្នកវិភាគសង្គមបញ្ជាក់ថា ជំហានដំបូងគឺ មន្ត្រីអាជ្ញាធរត្រូវចាប់ផ្តើម សាងសង់ប្រព័ន្ធមេ ផ្នែកខាងក្រោម ដែលជាប្រព័ន្ធលូបង្ហូរទឹក ឲ្យបានត្រឹមត្រូវឡើងវិញ និងត្រូវគណនាឡើងវិញ នូវកំណើនប្រជាជន រស់នៅក្នុងរាជធានីភ្នំពេញ និងការប្រើប្រាស់ ប្រព័ន្ធលូបង្ហូរទឹកនេះ៕
Source from: watphnom-news.com

Loading...
Loading...