ប្រទេសឡាវ ៖ យន្ដហោះមួយគ្រឿង របស់អាកាសចរណ៍ឡាវ បានហោះហើរនៅក្នុងពេល មានខ្យល់ព្យុះ បានធ្លាក់ចូលទៅក្នុងទន្លេមេគង្គ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ បណ្ដាលឱ្យស្លាប់ អ្នកដំណើរនិងអ្នកបម្រើការ លើយន្តហោះចំនួន ៤៩នាក់ ដែលក្នុងចំណោមអ្នកបាត់បង់ជីវិត គឺមានប្រជាពលរដ្ឋ មកពីប្រទេសចំនួន ១០ ។
យន្ដហោះធុនថ្មីប្រភេទ Turboprop ATR-72 បានហោះចេញ ពីអាកាសយានដ្ឋានវៀងចន្ទ បានចម្ងាយ ៨ គីឡូម៉ែត្រមកជិតដល់ព្រំដែនកម្ពុជា-ថៃ ក៏ស្រាប់តែជួបហេតុការណ៍ គ្រោះថ្នាក់នៅវេលាម៉ោង៤និង១០ នាទីល្ងាចថ្ងៃពុធនោះតែម្ដង ។ សេចក្ដីថ្លែងការណ៍របស់អាកាសចរណ៍ មិនទាន់បញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់នៅឡើយ ប៉ុន្ដែបើតាមមន្ដ្រីហោះហើរ បាននិយាយថា ឥទ្ធិពលកន្ទុយព្យុះណារីនោះឯង អាចជាកត្ដាចម្បងនៃបញ្ហា ។
ក្នុងចំណោមជនរងគ្រោះភាគច្រើនជា ជនជាតិឡាវ, បន្ទាប់មកគឺជនជាតិ បារាំង ហើយរដ្ឋមន្ដ្រីការបរទេសបារាំងលោក Laurent Fabius បានថ្លែងថា ជនជាតិបារាំង ៧ នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះ ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Sek Wannamethee បានឱ្យដឹងថា ជនជាតិថៃ ៥ នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍នេះដែរ ហើយក្រៅពីនេះនៅមានជនជាតិកូរ៉េខាងត្បូង, អូស្ដ្រាលី, កាណាដា, តៃវ៉ាន់, ចិន, មីយ៉ាន់ម៉ា និងវៀតណាមផងដែរ ។
ក្រុមមន្ដ្រីបានបញ្ជាក់ថា គ្មានអ្នកដំណើរ ឬអាកាសយានិកណាម្នាក់ នៅរស់រានមានជីវិត ក្រោយហេតុការណ៍ខាងលើនេះឡើយ ។ នៅភាគខាងត្បូងប្រទេសឡាវ បានទទួលរង ការវាយប្រហារពីខ្យល់ព្យុះណារី ដែលបានសម្លាប់មនុស្ស ១៣ នាក់នៅហ្វីលីពីន និងវៀតណាម ដោយសារតែទទួលរងឥទ្ធិពលខ្លាំងជាប្រទេសឡាវ ។ អគ្គនាយកនៃអគ្គនាយកដ្ឋាន អាកាសចរណ៍ស៊ីវិលឡាវ លោក Yakua Lo-pangka បានប្រាប់កាសែតវៀងចន្ទថែម ថា ឥទ្ធិពលកន្ទុយខ្យល់ព្យុះនេះឯង អាចជាបុព្វហេតុបណ្ដាលឱ្យ យន្ដហោះនេះធ្លាក់ ។
សាក្សីបាននិយាយថា យន្ដហោះមានបំណងចុះចត ប៉ុន្ដែត្រូវទទួលរងការ ប៉ះទង្គិចជាមួយកម្លាំងខ្យល់ខ្លាំង បង្វែរឱ្យក្បាលយន្ដហោះនោះ ឡើងកាន់តែខ្ពស់ ហើយរុញច្រានចេញទៅឆ្ងាយ ពីអាកាសយានដ្ឋាន និងចេញពីតំបន់គ្រប់គ្រងដោយប្រព័ន្ធរ៉ាដា ។ ទោះយ៉ាងណាក៏ដោយ ក៏នៅពេលនេះអាជ្ញាធរឡាវបានបើកការស្រាវជ្រាវ រកមូលហេតុពិតដែលបណ្ដាល ឱ្យកើតមានហេតុការណ៍សោកនាដកម្ម មួយនេះ៕
Source from: watphnom-news.com

Loading...
Loading...