កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់តែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។
នៅក្នុងព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥នេះ ក៏លេចចេញមានក្រសួងមុខងារសាធារណៈ"អតីតរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ" ដែលមានរដ្ឋមន្ត្រី១រូប និងរដ្ឋលេខាធិការចំនួន៦រូបផងដែរ ។ លើសពីនេះ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់តែងតាំងអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈចំនួន៦រូបថែមទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៤ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ការបង្កើតក្រសួងមួយទាំងមូលមិនមែនបង្កើតដោយត្រឹមព្រះរាជក្រឹត្យនោះទេ គឺត្រូវបង្កើតឡើងដោយច្បាប់ស្តីពីការបង្កើតក្រសួង ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម ។ ឧទាហរណ៍ ក្រសួងមុខងារសាធារណៈ គឺត្រូវបង្កើតឡើងដោយច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រម ។
ប៉ុន្តែជាក់ស្តែង ការបង្កើតក្រសួងមុខងារសាធារណៈនៅក្នុងអាណត្តិទី៥នៃរដ្ឋសភានេះ គឺមិនឃើញមានច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមអ្វីឡើយ ។
ដូច្នេះ ការតែងតាំងរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈចំនួន១៣រូប ដោយព្រះរាជក្រឹត្យមុនមានច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈនោះ គឺជាការប្រព្រឹត្តទៅមិនត្រឹមត្រូវតាមច្បាប់ទេ ពីព្រោះមិនមានព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីការបង្កើតក្រសួងមុខងារសាធារណៈ ៕
Source from: www.dtn7.com

Loading...
Loading...