ខេត្តបាត់ដំបង ៖ បុរសម្នាក់បន្ទាប់ពី ផឹកស៊ីនៅផ្ទះមិត្តភក្តិ ស្រវឹងមិនអស់ចិត្ត បានដើរទៅតៀមស្រាមួយកន្លែងទៀត ឆាឆៅអ្នកភូមិ ដែលកំពុងលេងបៀ ក៏ត្រូវគេព្រួតវាយធ្លាក់ពីលើគ្រែ ហើយដោយសារតែខឹងរឿងវាយចាញ់គេ ក៏រត់ទៅយកលំពែង មកចាក់គូជម្លោះ រងរបួសចំនួន ២នាក់ កាលពីរំលងអធ្រាតថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅចំណុចរណ្តៅបេ ភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ស៊ុន ឈឿន អាយុ ៥០ ឆ្នាំរស់នៅក្នុងភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយដកហូតបានលំពែង ចំនួនមួយហើយបានកសាងសំណុំរឿង ពីបទហិង្សាដោយចេតនា បញ្ជូនទៅកាន់តុលាការ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣។ ចំណែកជនរងគ្រោះរួមមានទី១-ឈ្មោះ ជឹម សុវណ្ណ អាយុ ៤៦ ឆ្នាំត្រូវមួយលំពែង រងរបួសស្រាល ទី២-ឈ្មោះ ស៊ន ចយ អាយុ ៣៧ ឆ្នាំត្រូវ ៣ លំពែងរងរបួសធ្ងន់ អ្នកទាំង ២ រស់នៅភូមិកើតហេតុជាមួយគ្នា។
មុនពេលកើតហេតុឈ្មោះ ស៊ុន ឈឿន បានទៅឆាឆៅក្រុមជនរងគ្រោះ ដែលផឹកស្រាលេងបៀ ដោយចាប់បើកបៀពួកគេ ហើយត្រូវពួកគេវាយ បន្ទាប់មកម្ចាស់តៀម ភ្ញាក់ពីដេកបានឃាត់បំបែកឲ្យផ្ទះរៀងៗខ្លួន។ ក្រោយមកស្រាប់តែឈ្មោះ ស៊ុន ឈឿន បានកាន់លំពែងដើរទៅផ្ទះឈ្មោះ ស៊ន ចយ ស្រាប់តែប្រទះឃើញឈ្មោះ ជឹម សុវណ្ណ នៅទីនោះ ក៏ចាក់មួយលំពែងបណ្តាលឲ្យរបួសស្រាល ហើយបន្តទៅចាក់ឈ្មោះ ស៊ន ចយ ចំនួន៣លំពែង រួចដើរចេញទៅបាត់ រំលង១ថ្ងៃក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com

Loading...
Loading...