ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត និងបុរសម្នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកមាន់ បុកជាមួយម៉ូតូវីវ៉ា កាលពីវេលាម៉ោង ៥និង៥៥ នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវចំណោទឡើងវត្តលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េប្រភេទ ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ គ៩៦៧៣ ភព២១តោនកន្លះ ពណ៌ស ដឹកមាន់ ១គ្រឿង ធ្វើដំណើរតាមផ្លូវឃ្លាំងលើ ឆ្ពោះទៅក្រុងព្រះសីហនុ ស្រាប់មកដល់ចំណុចកើតហេតុ ក៏បុកពេញទំហឹងជាមួយ ម៉ូតូឌុបមួយគ្រឿង ម៉ាកវីវ៉ា១២៥ ពណ៌ខ្មៅ សេរី២០០៨ ស្លាកលេខព្រះសីហនុ 1B-5147 បើកបរដោយ ឈ្មោះ ហាក់ ស្រុកកំណើតនៅ កោះកុង ទីលំនៅបច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយអូសជាប់ម៉ូតូចំងាយ ៧៩ម៉ែត្រទើបឈប់ បណ្តាលឱ្យអ្នកបើកបរ ម៉ូតូរងរបួសធ្ងន់។
ចំណែកអ្នកដំណើរខាងក្រោយ ឈ្មោះ សូ ម៉ារីណា ភេទស្រី អាយុ ៩ឆ្នាំ ជាសិស្សសាលាបានស្លាប់ ខណៈដែលបញ្ជូនទៅដល់ មន្ទីរពេទ្យឯកជន និងឈ្មោះ ទៀង គង្គា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមេផ្ទះ រងរបួសស្រាល ត្រូវជាម្តាយមីងជនរងគ្រោះ ទាំងពីរនាក់ស្នាក់នៅក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ។ បុរសអ្នកបើកបររងរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ៕
Source from: watphnom-news.com

Loading...
Loading...