រាជធានីភ្នំពេញ ៖ ទ្រព្យសម្បត្តិប្រមាណជិត ១លានដុល្លារ ដែលមានគ្រឿងចក្រ និងដីធ្លីផងនោះ ត្រូវបានម្ចាស់ទ្រព្យយកទៅដាក់បញ្ចាំ ដើម្បីដោះទាល់បានមួយគ្រា ជាមួយលោកឧកញ៉ា និងជាឧត្តមសេនីយ៍ឯក ដ៏មានមុខមាត់ ទ្រព្យធនស្ដុកស្ដម្ភម្នាក់ តែនៅពេលដែលមានប្រាក់ទៅលោះ ទ្រព្យសម្បត្តិទាំងនោះ មកគ្រប់គ្រងវិញ បែរជាមិនមានភាពចុះសម្រុងគ្នា ទើបកើតជារឿងរ៉ាវឈ្លោះគ្នា បែកផ្សែងរហូតមានការប្តឹងប្តល់គ្នា តាមផ្លូវតុលាការ។
ដើមហេតុនៃរឿងជម្លោះនោះ កើតឡើងដោយសារលោកឧកញ៉ា ឈន សារ៉ាណេ ដែលមានតួនាទីជាឧត្តមសេនីយ៍ឯក នាយរងសេនាធិការចម្រុះ ជាមេបញ្ជាការរង បញ្ជាការដ្ឋាន កងវិស្វកម្មអគ្គបញ្ជាការ និងជាឈ្មួញដ៏មានទ្រព្យស្តុកស្តម្ភ ហើយមានខ្នងបង្អែកជាច្រើនផងនោះ រងនូវការចោទប្រកាន់ ពីកូនបំណុលថា ចង់ស៊ីដាច់ដីនិងគ្រឿងចក្រជាច្រើន ដែលគេបានដាក់បញ្ចាំ ហើយពេលដែលដើមចោទ ប្តឹងតុលាការ និងនៅពេលចុះអនុវត្តន៍ដីកាសម្រេចការពារ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ ស្រាប់តែលោកឧកញ៉ា ឈន សារ៉ាណេ ប្រមូលយកគ្រឿងចក្រចេញអស់។
លោក ឡេង ច័ន្ទតារា ដែលជាដើមបណ្ដឹងបានរៀបរាប់ថា កាលដើមឡើយ លោកនិងឧកញ៉ា ឈន សារ៉ាណេ ធ្លាប់ស្គាល់គ្នា និងរកស៊ីជាមួយគ្នាផងដែរ តែខណៈដែលលោក បានជួបបញ្ហាជីវភាពបន្តិចបន្តួច ក៏បានសម្រេចចិត្ត យកគ្រឿងចក្រ និងដីមួយចំនួន ដែលមានតម្លៃជិតមួយលាន ដុល្លារអាមេរិក ទៅដាក់បញ្ចាំជាមួយលោកឧកញ៉ា ឈន សារ៉ាណេ ដោយមានលក្ខខណ្ឌ និងកិច្ចសន្យាត្រឹមត្រូវទៀតផង។ នៅពេលដែលលោកមានប្រាក់ បង់សងនិងបង់តាមកិច្ចសន្យា ដែលលោក បានជំពាក់នោះ ទីបំផុតលោកឧកញ៉ា ឈន សារ៉ាណេ មិនព្រមផ្តល់គ្រឿងចក្រឲ្យវិញទេ ថែមទាំងយកគ្រឿងចក្រនោះ ទៅប្ដូរពណ៌ ដើម្បីបំបាត់ភស្តុតាងទៀតផង។
លោក ឡេង ច័ន្ទតារា បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ លោកនិងលោកឧកញ៉ា ឈន សារ៉ាណេ បានចុះកិច្ចសន្យាគ្នាទិញ និងលក់ឈើអារ ដោយមិនបានចុះកិច្ចសន្យា ពេញលេញនោះទេ ហើយស្រាប់តែលោកឧកញ៉ា ឈន សារ៉ាណេ បានប្តឹងទៅតុលាការខេត្តកំពង់ធំ ចំនួនពីរលើក ដើម្បីរក្សាការពារនូវអចលនវត្ថុ និងគ្រឿងចក្រជាច្រើនទៀត ប៉ុន្តែត្រូវបានសាលាដំបូងខេត្តកំពង់ធំ សម្រេចលុបចោល ដោយឲ្យភាគីទាំង ២ផ្សះផ្សាគ្នា ដោយតម្រូវឲ្យលោក សងប្រាក់ទៅលោកឧកញ៉ា ឈន សារ៉ាណេ ដោយមានកំណត់ថ្ងៃត្រឹមត្រូវ ។
លោក ឡេង ច័ន្ទតារា បានទូទាត់ប្រាក់របស់ខ្លួនទៅ ឲ្យលោកឧកញ៉ា ឈន សារ៉ាណេ ជាបន្តបន្ទាប់គិតចាប់តាំងពីមានសេចក្តីបង្គាប់របស់តុលាការខេត្តកំពង់ធំ រហូតមកគឺមានសាច់ប្រាក់ចំនួន ៤៩៥.០០០ ដុល្លាររួចហើយ។ នៅសេសសល់ប៉ុន្មាន ចាំនិយាយគ្នាបន្តទៀតប៉ុន្តែស្រាប់តែលោកឧកញ៉ា ឈន សារ៉ាណេ គេចវេះមិនព្រមជួប ហើយនាំយកគ្រឿងចក្រ ពីខេត្តកំពង់ធំ មកទុកនៅភ្នំពេញទៀតផង។ ពាក់ ព័ន្ធនឹងការចោទប្រកាន់នេះ វត្តភ្នំ មិនទាន់អាចសុំការបំភ្លឺពីលោកឧកញ៉ា ឈន សារ៉ាណេ បាននៅឡើយទេ៕
Source from: watphnom-news.com

Loading...
Loading...