កាលពីវេលាព្រឹកនាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ យុវជនអ្នកលេងFacebookម្នាក់ឈ្មោះចិត្រ សុវិជ្ជា អាយុ២៣ឆ្នាំ ដែលប្រើប្រាស់Account ឈ្មោះ Cheth Sovichea មានមុខរបរជាតំណាងផ្នែកលក់នៃក្រុមហ៊ុនទូរស័ព្ទចល័តម៉ូប៊ីថែល និងមានទីលំនៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួនយកមកសាកសួរតាមពាក្យបណ្តឹងរបស់លោក វរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងពីបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ។
ដំណើរការឃាត់ខ្លួនយុវជនអ្នកលេងFacebook ឈ្មោះ ចិត្រ សុវិជ្ជា ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីយកមកសាកសួរនេះធ្វើឲ្យមានការភ្ញាក់ផ្អើលកក្រើកពេញបណ្តាញសង្គមFacebook ដោយសារគេហទំព័រ ដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជាមួយឈ្មោះ Avatar News ផ្សព្វផ្សាយនូវអត្ថបទដាក់ចំណងជើងទាក់ទាញអារម្មណ៍ឲ្យមានអ្នកចូលអានថា «សមត្ថកិច្ចចាប់ខ្លួនអ្នកលេងFacebookម្នាក់នៅខេត្តស្ទឹងត្រែង» ជាហេតុនាំឲ្យមជ្ឈដ្ឋានអ្នកលេងFacebook ស្មានថា សមត្ថិកិច្ចចាប់ខ្លួនអ្នកលេងFacebook ណាម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនឬដីកាបង្គាប់ឲ្យនាំខ្លួនរបស់តុលាការឬចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែងអ្វីមួយ ព្រោះតែលេងFacebook ដែលគ្មានច្បាប់គ្រប់គ្រងពីសំណាក់រាជរដ្ឋាភិបាលនៅឡើយនោះ ។
តាមការពិតទៅគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យបារម្ភពេកនោះទេ គឺយុវជនអ្នកលេងFacebookឈ្មោះចិត្រ សុវិជ្ជា គ្រាន់តែត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងធ្វើការឃាត់ខ្លួន ដើម្បីសាកសួរអំពីព័ត៌មានមួយចំនួន រួចហើយឲ្យវិលត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ បន្ទាប់ពីយុវជនអ្នកលេងFacebook រូបនេះបានShare ព័ត៌មានពីគេហទំព័រមួយឈ្មោះ កំណើតថ្មី ដែលមានចំណងជើងថា «លេចលឺថា PM ខេត្តស្ទឹងត្រែងចាប់ម៉ូតូអត់ពន្ធហើយដោះលែងជាថ្នូរ២០០ដុល្លារក្នុងម៉ូតូ១គ្រឿង» ដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងមក ដោយក្លែមសម្តី«Comment» បន្ថែមក្នុងStatus របស់ខ្លួនថា «មកដើម្បីកើបលុយ,ប្រើប្រាស់សំដីបាតផ្សារ,មិននឹកស្មានថាឋានៈខ្ពស់តែសំដីមិនស្មើធូលី,ឆាប់ចេញពីខេត្តនេះទៅ!» ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង គឺលោកស័ក្តិ៥ អៀង វ៉ាន់ឌី ។
ក្រោយការផ្តល់ព័ត៌មានជូនមន្ត្រីអាវុធហត្ថនិងបានសារភាពកំហុសឆ្គងនិងសូមអភ័យទោសនូវអំពើដែលខ្លួនបានធ្វើប៉ះពាល់ដល់កិត្តិយស មេប៉េអឹម ខេត្តស្ទឹងត្រែង អៀង វ៉ាន់ឌី រួចហើយនោះសមត្ថកិច្ចអាវុធហត្ថក៏បានអនុញ្ញាតឲ្យយុវជនអ្នកលេងFacebook ឈ្មោះចិត្រ សុវិជ្ជា ត្រឡប់ទៅលំនៅឋានវិញជាធម្មតា ។ ប៉ុន្តែរឿងរ៉ាវដែលត្រូវជម្រះបញ្ជីបន្តទៀតនោះ គឺទាក់ទងនឹងការចុះផ្សាយព័ត៌មានរបស់គេហទំព័រកំណើតថ្មី ជាមួយកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រសិនបើព័ត៌មាននៃការចុះផ្សាយនោះជាព័ត៌មានមិនពិត ពីព្រោះយុវជនចិត្រ សុវិជ្ជា គ្រាន់តែជាអ្នកបានShare ព័ត៌មានបន្តពីគេហទំព័រឈ្មោះកំណើតថ្មីប៉ុណ្ណោះ ។
ជាមួយគ្នានេះ ក្រោយសកម្មភាពឃាត់ខ្លួនសាកសួររបស់មន្ត្រីអាវុធហត្ថខេត្តស្ទឹងត្រែងទៅលើយុវជនអ្នកលេងFacebook ឈ្មោះ ចិត្រ សុវិជ្ជា នោះ គឺលោកវរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក៏ចាប់ផ្តើមមានកេរ្ត៍ឈ្មោះល្បីល្បាញនៅក្នុងបណ្តាញសង្គមFacebook ដ៏ពេញនិយមនៅកម្ពុជាដែរ គឺមន្ត្រីមន្ទីរព័ត៌មាននិងសន្តិសុខនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងសរសេរអក្សរខ្មែរ របស់បាវចនានៃព្រះរាជាណាចក្រកម្ពុជា ខុសឆ្គងត្រង់ពាក្យថា «ព្រះមហាក្សត្រ» ទៅជា «ព្រះមហាក្សត» និងមិនដាក់តាំងព្រះឆាយាលក្ខណ៍អង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្រោមបាវចនាជាតិទេ បែរជាដាក់តាំងរូបថតសម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់នាយករដ្ឋមន្ត្រីទៅវិញ ។
សូមប្រិយមិត្តអ្នកលេងFacebook ជួយចំណាំមុខលោកស័ក្តិ៥ អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទុកផង ដ្បិតគាត់ចាប់ផ្តើមល្បីឈ្មោះនៅក្នុងបណ្តាញសង្គមFacebook កម្ពុជាហើយ ៕
Source from: www.dtn7.com

Loading...
Loading...