អ្នកលេង Facebook ជាប៉ូលិសម្នាក់ឈ្មោះ ផែង វណ្ណៈ ត្រូវបានមន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិហៅមកសាកសួរនារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ ទាក់ទងនឹងបណ្តឹងរបស់ឯកឧត្តម យឹម សុវណ្ណៈ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលរាជធានីភ្នំពេញ ដែលប្តឹងជនសង្ស័យជាប៉ូលិសអ្នកលេង Facebook រូបនេះថា បានគំរាមសម្លាប់ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម តាមបណ្តាញសង្គម Facebook ។
កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣កន្លងមក ឯកឧត្តម យឹម សុវណ្ណ បានដាក់ពាក្យបណ្តឹងមួយច្បាប់គោរពជូនឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយប្តឹងជនសង្ស័យឈ្មោះ ផែង វណ្ណៈ ពីបទគំរាមសម្លាប់ឯកឧត្តម កឹម សុខា ព្រោះជនសង្ស័យរូបនេះបានសរសេរនៅលើ Status របស់ខ្លួនថា "ទុក៧គ្រាប់ឲ្យ កឹម សុខា គ្រាប់ទី១បាញ់យកដៃឆ្វេង គ្រាប់ទី២បាញ់យកដៃស្តាំ គ្រាប់ទី៣បាញ់ជើងឆ្វេង គ្រាប់ទី៤បាញ់ជើងស្តាំ គ្រាប់ទី៥បាញ់ពោះ គ្រាប់ទី៦បាញ់បេះដូង និងគ្រាប់ទី៧បាញ់ចំក្បាល កឹម សុខា !!!" ។
ពាក្យបណ្តឹងរបស់ឯកឧត្តម យឹម សុវណ្ណ បានបញ្ជាក់ថា ការផ្សព្វផ្សាយនៅលើ Status នៃបណ្តាញសង្គម Facebook មាន Account ឈ្មោះ ផែង វណ្ណៈ ខាងលើនេះ គឺជាការគំរាមកំហែងអាយុជីវិតឯកឧត្តម កឹម សុខា និងជាការគំរាមទៅដល់អ្នកនយោបាយផ្សេងទៀត ។ លើសពីនេះ ឯកឧត្តម យឹម សុវណ្ណ បានសំណូមពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការស៊ើបអង្កេតដើម្បីវែកមុខជនល្មើសយកមកកាត់ទោសតាមផ្លូវច្បាប់ជាធរមាន និងដើម្បីទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជារបស់ឯកឧត្តម កឹម សុខា ផងដែរ ។
យោងតាម Account អនាមិកមួយឈ្មោះ Chham Chhany បានបង្ហាញតាមរយៈការ Post នៅក្នុង Facebook និងត្រូវបានអ្នកលេង Facebook ធ្វើការ Share ចែករំលែកតៗគ្នានោះឲ្យដឹងថា Account ឈ្មោះ ផែង វណ្ណៈ មិនមែនធ្លាប់ Post សម្ញែងកាំភ្លើងគំរាមក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាលើកទី១ទេ គឺបាន Post ជាច្រើនលើនច្រើនសារួចមកហើយ មានជាអាទិ៍ ៖ Post នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយធ្វើការសម្ញែងកាំភ្លើងស្វ័យប្រវត្តិចំនួន៣ដើម និងគ្រាប់ជាច្រើនទៀត ដែលមានខ្លឹមសារថា "សូមផ្តាំតាមហ្វេសប៊ុកទៅយុវជនសង្គ្រោះជាតិ ជាពិសេសសូមផ្តាំទៅឈ្មោះ Abraham Lincoln ផង ដែលចង់ស្វែងរកឈ្មោះ ផែង វណ្ណៈ ដើម្បីចាត់ការ ដោយសារតែយើងរិះគន់មេបក្សសង្គ្រោះជាតិឥតសំចៃ ។ យើងសូមផ្តាំទៅឯងថា មិនបាច់ប្រឹងរក ផែង វណ្ណៈទេ ព្រោះ ផែង វណ្ណៈ កំពុងតាមរកឯងហើយ ។ សង្ឃឹមថា ឯងមានសំណាងល្អគេចផុតពីការតាមប្រមាញ់របស់យើងទៅចុះ ។ យើងសូមផ្តាំទៅឯងម្តងទៀតថា ថ្ងៃក្រោយបើយើងត្រូវស្លាប់ទៅជាខ្មោច ក៏ជាខ្មោចរបស់គណបក្សប្រជាជនកម្ពុជាដែរ ។ ផែង វណ្ណៈ មិនមែនជាលោក សយ សុភាព ឬលោកបណ្ឌិត ឈឹម ផលវរុណ ដែលឲ្យពួកឯងប្រមាថគំរាមតាមទីសាធារណៈងាយៗនោះទេ ។ បើចង់សាកល្បងកុំភ្លេចយកក្បាលប៉ានដែកមកផង ។ " Post នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ មានសម្ញែងកាំភ្លើងវែងចំនួន២ដើម កាំភ្លើងខ្លី១ដើម និងគ្រាប់ជាច្រើនទៀត ដែលមានខ្លឹមសារថា "ត្រៀមទុកកម្ទេចពួកចោរប៉ុនប៉ងប្លន់អំណាច ! យើងសុខចិត្តស្លាប់ដើម្បីការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីស្របច្បាប់ ការពាររដ្ឋាភិបាល ការពារព្រះមហាក្សត្រ និងការពារសមិទ្ធផលជាតិ និងសន្តិភាពឲ្យបានគង់វង្សដាច់ខាត ។ យើងមិនអនុញ្ញាតឲ្យពួកចោរប៉ុនប៉ងប្លន់អំណាចធ្វើអ្វីតាមអំពើចិត្តទេ ។ " ។
ទោះយ៉ាងណា Account ឈ្មោះ ផែង វណ្ណៈ និងជាម្ចាស់រូបថតអតីតជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃនោះ ធ្លាប់បានប្រកែកដោះសាថា ខ្លួនមិនបាន Post នូវអត្ថបទខាងលើនេះនៅក្នុង Status របស់ខ្លួនទេ ហើយបានទម្លាក់កំហុសទៅលើជនទី៣ជាអ្នកច្នៃកាត់ត ដើម្បីបង្ខូចកិត្តិយសរបស់ខ្លួនទៅវិញ ។
ក្រុមអ្នកលេង Facebook ស្ទាត់ជំនាញបាននិយាយឲ្យដឹងថា នៅក្នុង Status ផ្ទាល់ខ្លួន មិនអាចមានអ្នកទី៣លួចចេញចូលលុបឬ Post នូវរូបភាពឬអត្ថបទស្រេចនឹងចិត្តនោះទេ គឺមានតែម្ចាស់ Account ប៉ុណ្ណោះទើបមានសិទ្ធិចាត់ចែងអ្វីៗគ្រប់យ៉ាងបាន លើកលែងតែមាន Account ផ្សេងដែលជាមិត្តភក្តិបាន Tagged ចូលមក Status របស់ខ្លួន ប៉ុន្តែក៏វាបានរក្សានូវអត្តសញ្ញាណរបស់ Account ដែលបាន Tagged នោះដែរ ។ ដូច្នេះ ពាក្យដោះសារបស់ Account ឈ្មោះ ផែង វណ្ណៈ គឺគ្រាន់តែទុកបន្លំឬបោកប្រាស់អ្នកមិនលេង Facebook និងបង្ហាញពីចរិតមន្ត្រីប៉ូលិសម្នាក់ និងជាអ្នកលេង Facebook ម្នាក់ដែលគ្មានការទទួលខុសត្រូវប៉ុណ្ណោះ ។
មជ្ឈដ្ឋានអ្នកលេង Facebook និងជាពិសេសអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ កំពុងទន្ទឹងរង់ចាំតាមដានមើលនូវចំណាត់ការរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តើនឹងចាត់ការយ៉ាងណាទៅលើមន្ត្រីប៉ូលិសម្នាក់ និងជាអ្នកលេង Facebook ម្នាក់ឈ្មោះ ផែង វណ្ណៈ ដែលដង្ហែគាំទ្រ និងប្រកាសស្រឡាញ់"សម្តេចតេជោ ហ៊ុន សែន" ជាងសម្តេចស្រឡាញ់ខ្លួនសម្តេចផ្ទាល់ទៀតនោះដូចម្តេច ? ៕
Source from: www.dtn7.com

Loading...
Loading...