ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាអ្នកនាំផ្លូវភូមិសាស្ត្រ ជូនក្រុមហ៊ុនចិន ចុះទៅពិនិត្យបោះបង្គោលទំនប់ទឹក ពហុបំណង ២សេកសក នៅខេត្តបាត់ដំបង បានជាន់ម៉ីនកង្កែប ផ្ទុះដាច់ជើងម្ខាង ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យអ៊ិម៉ឺជេណ្ស៊ីភ្លាមៗ កាលពីវេលាម៉ោង ៩និង២០ នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចកំពោរថ្មផុយ លើភ្នំគោក ក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
បុរសរងគ្រោះដាច់ប្រអប់ជើងឆ្វេង មានឈ្មោះ កុក កេង អាយុ ៣៥ឆ្នាំជាកសិករ និងជាប្រធានក្រុមយុវជនឃុំ មានទីលំនៅភូមិកើតហេតុ។ មុនពេលកើតហេតុ មានក្រុមការងារក្រុមហ៊ុន ចិននិងខ្មែរ ប្រហែល ២០នាក់បានទៅដល់ ចំណុចភ្នំគោក ហើយមានបុរសចិនម្នាក់ និងខ្មែរ ២នាក់បានឡើងទៅលើភ្នំ ដើម្បីធ្វើការចង្អុលព្រំដី សំរាប់បោះបង្គោល ទំនប់ទឹកពហុបំណង ២សេកសក បាត់ដំបង ខណៈនោះបុរស ២នាក់ជាជនជាតិខ្មែរ ដើរនៅខាងមុខ ក៏ជាន់ម៉ីនផ្ទុះ បណ្តាលអោយគ្រោះថ្នាក់តែម្តង។
ប្រភេទគ្រាប់ម៉ីន PM2 ឬម៉ីនម៉ីនកង្កែបនេះ ប្រសិនបើអ្នកណាជាន់គឺផ្ទុះ ចំរបួសអ្នកនោះ ចំពោះអ្នកដើរជិត មិនមានគ្រោះថ្នាក់ទេ វាខុសពីម៉ីនប្រភេទផ្សេង តែបើដូចជាប្រភេទម៉ីន ៦៩ឬម៉ីនតោន អាចបង្កអោយគ្រោះថ្នាក់ ដល់អ្នកដើរជិតបាន។ ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ អ៊ិម៉ឺជេណ្ស៊ីភ្លាមៗ នៅក្រុងបាត់ដំបង៕ សុខជា
Source from: watphnom-news.com

Loading...
Loading...