ក្រុងប៉ោយប៉ែត ៖ គណៈកម្មការនិងពុទ្ធបរិស័ទ ចំណុះជើងវត្តសូរិយារាម ហៅវត្តថ្មី បាននាំគ្នាធ្វើកូដកម្មលើកបដា និងបានយករនាំងដែក បិទផ្លូវមិនឲ្យប្រជាពលរដ្ឋ នៅក្រុងប៉ោយប៉ែតធ្វើដំណើរ ឆ្លងកាត់កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍ ជាច្រើនម៉ោងថែមទៀត ក្នុងបំណងបណ្តេញភិក្ខុ ដួង រដ្ឋា ជាព្រះចៅអធិការវត្តស្តីទី ចេញពីក្នុងវត្ត ។
គណៈកម្មការវត្តថ្មី បានឲ្យដឹងថា រឿងដែលពួកគាត់ នាំគ្នាធ្វើកូដកម្មនៅពេលនេះ ដើម្បីទាមទារឲ្យអាជ្ញាធរ និងព្រះគ្រូមេគណខេត្ត ជួយរកដំណោះស្រាយ ក្នុងការជ្រើសរើស ព្រះចៅអធិការវត្ត ឲ្យមកមកឡើងកាន់តំណែងថ្មី ជំនួសព្រះចៅអធិការវត្តស្តីទីព្រះនាម ដួង រដ្ឋា ដែលធ្វើឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត។ ប្រភពបានបន្តថា ព្រះចៅអធិការវត្តស្តីទីអង្គនេះ មិនអាចទុកឲ្យគង់នៅវត្តថ្មីនេះ តទៅទៀតបានឡើយ ដោយព្រះអង្គ និយមបក្ខពួក ហើយថែមទាំងឲ្យក្មេងស្ទាវ មកដេកស្នាក់នៅក្នុងវត្តបង្កភាពអនាធិបតេយ្យ នាំឲ្យពុទ្ធបរិស័ទ រស់នៅជិតទីវត្តអារាមនេះ មិនសប្បាយចិត្ត។
ម្យ៉ាងវិញទៀតព្រះចៅអធិការ បានបង្កបញ្ហាដោយបណ្តេញ ព្រះសង្ឃមួយចំនួននៅក្នុងវត្ត ដោយគ្មានមូលហេតុ ដូចជាការបណ្តាញព្រះសង្ឃ ដែលមានព្រះជន្មច្រើន និងមានការយល់ដឹងជាងខ្លួន ដោយមិនទុកឲ្យគង់ នៅក្នុងវត្តនេះឡើយ ។ មិនតែប៉ុណ្ណោះ ព្រះចៅអធិការស្តីទី ព្រះនាម ដួង រដ្ឋា បានចំណាយលើការកសាងសមិទ្ធផល នៅក្នុងទីវត្តអារាមមួយចំនួន ដោយមិនប្រក្រតី មិនបានឆ្លងយោបល់ពិគ្រោះ ជាមួយនិងគណះកម្មការវត្ត និងបានធ្វើឲ្យបាត់បច្ច័យ ថែមទៀតផង។ ប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរនិង ព្រះគ្រូមេគណខេត្ត ជួយចាត់វិធានការរក ដំណោះស្រាយយកព្រះសង្ឃផ្សេង ឲ្យមកគង់ធ្វើជាព្រះចៅអធិការវត្តនេះផង បើពុំដូច្នោះទេ ពួកគាត់និងព្យាយាមធ្វើកូដកម្ម តទៅទៀតរហូតទាល់តែ មានការផ្លាស់ប្តូរទើបឈប់ ។
ជាចុងក្រោយលោក ស៊ាង សេងហុក ប្រធានការិយាល័យធម្មការ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជុំវិញបញ្ហាទាំងអស់ខាងលើនេះ ប្រជាពលរដ្ឋរួមទាំង គណៈកម្មការវត្តទាំងអស់នេះ មិនអាចមានសិទ្ធិដក ព្រះចៅអធិការស្តីទីវត្តអង្គនេះ បានឡើយ គឺមានតែខាងព្រះសង្ឃ ជាព្រះគ្រូមេគណខេត្ត តែប៉ុណ្ណោះទើបអាចដកព្រះអង្គបាន ហើយរាល់បញ្ហាដែលកើតឡើងទាំងអស់នេះ លោកនឹងធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើ ដើម្បីរកដំណោះស្រាយផងដែរ ។ នៅក្នុងហេតុការណ៍នោះ គេឃើញអាជ្ញាធរ មានសម្ថកិច្ចប៉ូលិស ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានទៅជួយអន្តរាគមន៍នៅទីនោះ និងបានបញ្ជៀសរាល់បញ្ហា ខ្លាចក្រែងកើតមានអំពើរហិង្សាផងដែរ៕ ដោយ ចិន្តា
Source from: watphnom-news.com

Loading...
Loading...