ខេត្ដកំពង់ធំ ៖ យ៉ាងហោចណាស់ អ្នកដំណើរជិត ២០នាក់បានរងរបួសធ្ងន់ស្រាល ដោយសាររថយន្ដក្រុង ដឹកអ្នកដំណើររបស់ ក្រុមហ៊ុនកាពីតូល ១គ្រឿង ទំនងជាតៃកុងងងុយដេក បានរេចង្កូតធ្លាក់ផ្លូវ ចូលក្នុងស្រះទឹក ខណៈដែលកំពុងធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីសៀមរាបមកភ្នំពេញ កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៣ ក្នុងភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តក្រុង ក្រុមហ៊ុនកាពីតូល ដឹកអ្នកដំណើរពណ៌ សរក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-0059 ចេញពីខេត្តសៀមរាប លុះមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែតៃកុង បានបើករថយន្ត រ៉េចង្កូតទៅមក ហើយក៏បានជ្រុល ធ្លាក់ចូលក្នុងស្រះទឹក បណ្តាលឲ្យអ្នកដំណើរ ៦នាក់របួសធ្ងន់ ក្នុងនោះមានប្រុស ៥នាក់ ស្រីម្នាក់ ហើយអ្នករបួសស្រាល ១៤ នាក់។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្ដក្រុង ដែលគេស្គាល់ថាឈ្មោះ អ៊ុំ ផល ក្រោយពីបង្កគ្រោះថ្នាក់ រួចមកបានបើកទ្វាររថយន្ដ រត់គេចខ្លួនបាត់ ។ សមត្ថកិច្ចបានចុះ មកជួយអន្តរាគមន៍ ដឹកជនរងគ្រោះ មកកាន់មន្ទីរពេទ្យ បង្អែកស្រុកស្ទោង ដើម្បីជួយសង្គ្រោះបន្ទាន់ ហើយនេះមិនមែន ជាលើកទីមួយទេ ដែលរថយន្តក្រុងកាពីតូល ជួបគ្រោះថ្នាក់បណ្តាលឲ្យ អ្នកដំណើររងរបួសធ្ងន់ស្រាល ផ្តើមចេញពីការធ្វេសប្រហែស ខ្វះការទទួលខុសត្រូវ៕
Source from: watphnom-news.com

Loading...
Loading...