ទាំងអ្នកជំនួញអចលនវត្ថុ ទាំងប្រជាពលរដ្ឋដែលមានបំណងចង់ទិញអចលនវត្ថុ ពិតជាបានជ្រាបរួចហើយៗភ្ញាក់ផ្អើលទៀតផង បន្ទាប់ពីបានឃើញសេចក្តីជូនដំណឹងលេខ០១៧សហវ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានប្រាប់ថា មានម្ចាស់សំណង់ឬបុរីចំនួន១៩មិនទាន់មានភាពស្របច្បាប់ ដោយសារម្ចាស់សំណង់ឬបុរីទាំងនោះមិនទាន់ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មលំនៅដ្ឋានពីក្រសួងនៅឡើយ ហើយបើប្រជាពលរដ្ឋទិញលំនៅឋានរបៀបនេះ អាចនឹងប្រឈមការខាតបង់ថវិកាឬទ្រព្យសម្បត្តិជាយថាហេតុ ។
ម្ចាស់សំណង់ឬបុរីលំនៅឋានទាំង១៩ដែលមិនទាន់មានអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬហៅសាមញ្ញថា ជាសំណង់ខុសច្បាប់នោះ រួមមាន ៖ ១-បុរី សូនី, ២-បុរី វារីណា,៣-បុរី រុង រឿង, ៤-បុរី គៀង ហ៊ត, ៥-បុរី សម្បួរមាស, ៦-ផ្លាទីនីម រេស៊ីដិន, ៧-បុរី អាកាសចរណ៍, ៨-ក្រុមហ៊ុន ប៊ូយ៉ុងហ្គ្រុប, ៩-បុរី EU ( កំពង់ចម្លង អរិយក្សត្រ ), ១០-ក្រុមហ៊ុន មានជ័យហ្វូដ ៩៩៩ ( គម្រោងបុរី តូក្យូ, គម្រោង មូស្គូស៊ីធី និងផ្លូវ ៣៧១ ), ១១-សំណង់ផ្ទះល្វែងទំនើប ចោមចៅ, ១២-អាផាតមិន Sonatra Grand Realty, ១៣-សំណង់ផ្ទះល្វែង លោក អ៊ីវ ឈាន ,១៤-អគារស្នាក់នៅរួម D.Y.G Co., Ltd (Noblesse), ១៥-សំណង់ផ្ទះល្វែងលោក អ៊ីវ ម៉េង និងលោក ជា លី, ១៦-សំណង់ផ្ទះល្វែង និង Link House លោក គីម យ៉ុងហាក់, ១៧-សំណង់អគារស្នាក់នៅរួម លោក ទិព្ធ ណារេន និង លោកស្រី អ៊ាក ច័ន្ទថាវី, ១៨-សំណង់អគារស្នាក់នៅរួម លោក យ៉ង់ គ្រីស្យង់ និងលោក យ៉ង់ លឹមហួត និង ១៩-សំណង់ផ្ទះល្វែង តុល លន។
ទន្ទឹមនឹងនេះដែរ មជ្ឈដ្ឋានអ្នកជំនួញអចលនវត្ថុ និងប្រជាពលរដ្ឋបានសំណូមពរឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការប្រកាសឲ្យដឹងនូវតួលេខម្ចាស់សំណង់ ឬបុរីដែលមានភាពស្របច្បាប់ថែមទៀត ដើម្បីឲ្យសាធារណជនបានជ្រាបរឹតតែប្រសើរ ពីព្រោះប្រសិនបើសាធារណជនដែលចង់ទិញអចលនវត្ថុនោះ តែងត្រូវបានប្រកាសប្រាប់ដោយផ្ទាល់អំពីភាពស្របច្បាប់ពីសំណាក់ម្ចាស់សំណង់ ឬបុរីតែម្តង ជាហេតុអាចធ្វើឲ្យម្ចាស់សំណង់ ឬបុរីខិលខូចមួយចំនួនភូតភរ ឬក្លែងបន្លំជាយថាហេតុចំពោះអតិថិជន ហើយម្ចាស់សំណង់ខ្លះក៏ធ្លាប់បានរកស៊ីតាមរបៀប"ធ្វើនំឥតម្សៅ" មិនទទួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួនឡើយ ។
សូមបញ្ជាក់ជូនថា យោងតាមប្រកាសលេខ៨៧០សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនោះ គឺបានកំណត់ថ្លៃអាជ្ញាប័ណ្ណអភិវឌ្ឍន៍អចលនវត្ថុទៅតាមទំហំគម្រោង និងមានសុពលភាពក៏គិតទៅតាមទំហំនៃគម្រោងតូចឬធំដែរ ប៉ុន្តែរយៈពេលនៃការផ្តល់សេវាលើការចេញអាជ្ញាប័ណ្ណនេះ ត្រូវបានកំណត់ចំនួន៤៥ថ្ងៃ ៕
Source from: www.dtn7.com

Loading...
Loading...