ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល សហការជាមួយ នគរបាលមូលដ្ឋាន ក្រុងតាខ្មៅ បានធ្វើការបង្ក្រាបឈើគ្រញូង ដែលក្រុមឈ្មួញ យកទៅលាក់ទុកប្រមាណ ៣តោននៅចំណុចដីឡូត៍ មួយកន្លែង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ។
លោក ទិត្យ វង្ស នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីបុរសម្នាក់ដែលជា ម្ចាស់ដីមួយកន្លែងថា បានប្រទះឃើញ ឈើគ្រញូងមួយគំនរ ត្រូវបានជនមិនស្គាល់មុខ នាំយកទៅលាក់ទុក នៅលើដីឡូត៍របស់គាត់ រួចមក លោកក៏បានរាយការណ៍ ជូនលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដើម្បីសុំគោលការណ៍ ចុះទៅត្រួតពិនិត្យ ។
ពេលកម្លាំងនគរបាល ចុះទៅដល់ក៏បាន ប្រទះឃើញមានឈើមួយគំនរ ដូចដែលម្ចាស់ដី បានរាយការណ៍ប្រាកដមែន ហើយឈើទាំងអស់នោះ សុទ្ធសឹងជាប្រភេទ ឈើគ្រញូងទៀតផង។ បន្ទាប់មកកម្លាំងនគរបាល ក៏បានធ្វើការដកហូតឈើទាំងអស់ នាំយកមកកាន់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង និងបានទំនាក់ទំនងទៅ ជំនាញរដ្ឋបាលព្រៃឈើតាខ្មៅ ឲ្យមកទទួលយកទៅចាត់ការបន្តតាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...