រាជធានីភ្នំពេញ ៖ បុរសម្នាក់បានមកចាំទទួលប្អូនស្រី ចេញពីធ្វើការរោងចក្រជារៀងរាល់ថ្ងៃ ស្រាប់តែឃើញបុរសម្នាក់ ដើរទៅបុកប្អូនស្រីរបស់ខ្លួន ក៏ដើរទៅមើលហើយមិនទាន់ បានសួរនាំផង ស្រាប់តែក្រុមជនពាលទាំងនោះ ព្រួតគ្នាវាយបុរសរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ឈឹង កាលពីវេលាម៉ោង ៩និង១០ នាទីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ នៅតាមផ្លូវក្នុងបុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ យ័ន្ត ធារ៉ា អាយុ ២៥ឆ្នាំ មានមុខរបរ ជាកម្មករសំណង់ ស្នាក់នៅបន្ទប់ផ្ទះជួល ២នាក់បងប្អូន ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបូសស្បែង ឃុំជ្រលង ស្រុកបារាយ ខេត្តកំពង់ធំ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយខាងមុខរោងចក្រ រង់ចាំប្អូនស្រី ចេញពីធ្វើការថែមម៉ោង បន្តិចក្រោយមកស្រាប់តែ មានយុវជនមួយក្រុម មានគ្នាប្រមាណជាង១០នាក់ បានដើរមកឈរនៅខាងមុខ រោងចក្រនោះដែរ លុះដល់ពេលប្អូនស្រី របស់ជនរងគ្រោះ ចេញពីធ្វើការ មកដល់ខាងក្រៅ ស្រាប់តែមានយុវជនម្នាក់ ក្នុងចំណោមបក្ខពួកជាង ១០នាក់នោះ ដើរ សំដៅទៅរកប្អូនស្រីជនរងគ្រោះ។
ជនពាលម្នាក់នោះបានដើរ បំបុកស្មានាងដោយកំរោល ជនរងគ្រោះឃើញបែបនេះ ក៏ដើរចូលទៅបំរុងសួរនាំ ប៉ុន្តែមិនទាន់បានសួរផង ស្រាប់តែក្រុមជនពាលទាំងនោះ ព្រួតគ្នាវាយដោយយកដុំឥដ្ឋ អុកលើក្បាល និងមុខបណ្ដាលឲ្យរងរបួស បែកក្បាលហូរឈាម ស្រោចខ្លួនជោក និងហើមមុខដេកសន្លប់ឈឹងនៅនឹងកន្លែងកើតហេតុ ហើយភ្លាមៗនោះក្រុមជនល្មើស បាននាំគ្នារត់គេចខ្លួនបាត់អស់។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈដើម្បីជួយ សង្គ្រោះអាយុជីវិត៕
Source from: watphnom-news.com

Loading...
Loading...