កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ Page ក្នុងបណ្តាញសង្គម Facebook មួយដែលប្រើឈ្មោះ និងរូបថតសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នក Like Page ចំនួន125Kនោះ បាន Post នូវទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ភ្ជាប់ជាមួយនឹងអត្តបទយោងតាមកាសែត Wall Street Journal និងបានធ្វើការសន្និដ្ឋានថា "មានន័យថា មេបក្សប្រឆាំងនេះគឺកំពុងតែធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់ រំលោភរាជរដ្ឋាភិបាល និងស្ថាប័នជាតិទាំងអស់ ដើម្បីក្រុមខ្លួនឡើងកាន់កាប់អំណាច ។ អំពើល្មើសច្បាប់របស់ពួកគេ គឺកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធ្វើឲ្យប្រទេសជាតិទាំងមូលធ្លាក់លិចលង់ ។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងចាត់វិធានការតាមច្បាប់ចំពោះអំពើរដ្ឋប្រហារប្លន់អំណាចមិនឲ្យកើតមានឡើងជាដាច់ខាតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។" ។
ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកលេង Facebook មានការចាប់អារម្មណ៍ និងសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងនោះ គឺ Page ដែលប្រើឈ្មោះ និងរូបថតបុរសខ្លាំង ហើយក៏ត្រូវបានគេសង្ស័យថា ជា Page របស់បុរសខ្លាំងផង បាន Post នូវរូបទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាខុសឆ្គង ដែលមិនមែនជាទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដ ស្របតាមមាត្រា៦ និងឧបសម្ព័ន្ធទី១នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាឡើយ ។
ក្រុមអ្នកលេង Facebook ដែលស្គាល់អំពីទង់ជាតិខ្មែរច្បាស់លាស់ និងត្រឹមត្រូវនោះ បានសំណូមពរឲ្យ Page ប្រើឈ្មោះ និងរូបថតបុរសខ្លាំង ដែលបាន Post នូវទង់ជាតិព្រះរាជាណាចក្រកម្ពុជាខុសឆ្គង មេត្តាធ្វើការកែតម្រូវឡើងវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យបានលើកឡើងថា ប្រសិនបើ Page នៅក្នុងបណ្តាញសង្គម Facebook នោះគឺជារបស់បុរសខ្លាំងមែន គឺវាជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសារបុរសខ្លាំងក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បែរជាមិនស្គាល់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដទៅវិញ ៕
Source from: www.dtn7.com

Loading...
Loading...