ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលប្រាវ ត្រូវឡានដឹកសំរាមកិនបែកក្បាល ស្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវរថយន្ត ដឹកសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី កិនបែកក្បាល ប្រកាច់ស្លាប់ភ្លាមៗ និងយុវជន ២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជនរងគ្រោះ បើកម៉ូតូទាក់ដៃចង្កូតគ្នា ដួលលើផ្លូវហើយខ្ទាតចូល ក្រោមកង់រថយន្តកាលពីវេលាម៉ោង ១២យប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ តាមផ្លូវលេខ២៧១ ត្រង់ច្រកផ្លូវចូលផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដាឌ្រឹម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1E-2606 ធ្វើដំណើរតាមផ្លូវ លេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-4693 បណ្តាលឲ្យដួល ហើយយុវជនម្នាក់ បានខ្ទាតចូលទៅក្រោម កង់រថយន្តដឹកសំរាម ដែលកំពុងបើកបរ កិនបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ដោយឡែកយុវជន ២នាក់ផ្សេងទៀត បានបោកក្បាលនឹងថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ មិត្តភាព កម្ពុជា- សូវៀតភ្លាមៗ ហើយសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ ទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំណែកម៉ូតូ បានអូសយកទៅរក្សាទុក នៅអធិការខណ្ឌចំការមន រង់ចាំក្រុមគ្រួសារ ចូលខ្លួនទៅដោះស្រាយ ៕
Source from: watphnom-news.com

Loading...
Loading...