លោក ងិន ឆប សង់ស្ថានីយប្រេង ដោយគ្មានច្បាប់ទម្លាប់ ក្រោមក្រសែភ្នែករបស់អាជ្ញាធរ
ខេត្ដបាត់ដំបង ៖ ប្រជាពលរដ្ឋចំនួន ១៦៨គ្រួសារ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុង-ខេត្ដ បាត់ដំបង បានដាក់ពាក្យបណ្ដឹង ទៅសាលាសង្កាត់ទួលតាឯក ពាក់ព័ន្ធទៅនឹងសំណង់ ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្រុមទី៥ភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុង- ខេត្ដបាត់ដំបង ផ្លូវបំបែកមុខផ្សារបុរី រោងចក្រតម្បាញ សង់ប៉ះពាល់ការរស់នៅ របស់អ្នកជិតខាង និងគ្មានច្បាប់អនុញ្ញាត នាំឲ្យពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាហានិភ័យកើតឡើង ប្រសិនបើអាជ្ញាធរនៅតែ គ្មានវិធានការហាមឃាត់។
ប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរសង្កាត់ ក៏បានហាមឃាត់តាមពាក្យ បណ្ដឹង របស់ពួកគាត់ ប៉ុន្ដែម្ចាស់សំណង់ ស្ថានីយប្រេងឥន្ធនៈនេះ ហាក់ដូចជា ពុំបានរវីរវល់ចំពោះ ការហាមឃាត់ ថែមទាំងជីកដី ដាក់ស៊ីទែន និងដឹកថ្ម ខ្សាច់ធ្វើស្ថានីយប្រេងនេះ ទាំងបំពានច្បាប់ដដែល។ ក្រោយពីបានទទួល ពាក្យបណ្ដឹងពីប្រជាពលរដ្ឋ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ សាលាសង្កាត់ទួលតាឯក ក៏បាន ប្រាប់ទៅលើម្ចាស់សំណង់ ឈ្មោះ ងិន ឆប មានទីលំនៅក្រុមទី១០ ភូមិត្រលិតព្រលឹត ឃុំសន្ដិភាព ស្រុកសំពៅ លូន ខេត្ដបាត់ដំបង ដោយសំអាងថា សំណង់ខាងលើនេះ មិនទាន់មានច្បាប់អនុញ្ញាត ត្រឹមត្រូវណាមួយ ចេញពីអាជ្ញាធរ និងជំនាញភូមិបាល នៅឡើយទេ ។
មន្ដ្រីសាលាសង្កាត់បញ្ជាក់ថា ឈ្មោះ ងិន ឆប ដែលជាម្ចាស់សំណង់អត់ច្បាប់ រងនូវបណ្ដឹងរបស់ ប្រជាពលរដ្ឋ១៦៨ គ្រួសារ ហើយការសាងសង់ ស្ថានីយនេះ មានតែពាក្យស្នើសុំ ចុះបញ្ជីដី ដែលចុះហត្ថលេខា បញ្ជូនដោយសង្កាត់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣ តែប៉ុណ្ណោះ ។ ពាក់ព័ន្ធនឹងឯកសារ ស្នើសុំសាងសង់ស្ថានីយប្រេងឥន្ធនៈ នោះ គឺគ្មានទាល់តែសោះ ប៉ុន្ដែម្ចាស់សំណង់ខាងលើបានលួចបង្កប់ធុងប្រេង ២ រួចទៅហើយ ទើបចៅសង្កាត់ បានធ្វើលិខិតមួយច្បាប់ជុំវិញពីសំណង់ខុសច្បាប់នេះ ជូនលោកអភិបាល នៃគណៈអភិបាល ក្រុងបាត់ដំបង លេខ០៧ សទឯ ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣ ដើម្បីឱ្យអាជ្ញាធរ ក្រុង មានវិធានការទប់ស្កាត់ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា កន្លងមកម្ចាស់ ស្ថានីយប្រេងឥន្ធនៈ ខាងលើនេះ តែងតែបានប្រាប់ ដោយពាក្យចំអក មកលើប្រជាពលរដ្ឋថា ខ្លួនមិនបានសង់ ស្ថានីយប្រេងឥន្ធនៈទេ គឺរៀបចំជាកន្លែង ដាក់សាច់ប៉ុណ្ណោះ ប៉ុន្ដែបើធ្វើរួចរាល់ គាត់នឹងជួលឱ្យអ្នកធំនៅភ្នំពេញ គេប្រាកដជា បើកស្ថានីយប្រេងឥន្ធនៈ ដូច្នេះជារឿងរបស់អ្នកជួល ។ បើតាមការលើកឡើង របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា ខណៈដែលពួកគាត់ ពុំបានទទួលនូវការ ជួយអន្ដរាគមន៍ណាមួយ ពេលដែលម្ចាស់សំណង់ កំពុងសាងសង់ និងលើដីចំណីផ្លូវ ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ក៏ដូចជាការសាងសង់ នៅចំកណ្ដាលក្រុង គេសង្ស័យថា អាជ្ញាធរបានត្រូវដៃត្រូវជើង ជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈ ខាងលើនេះ ហើយមើលទៅ៕
Source from: watphnom-news.com

Loading...
Loading...