ឃាតកម្មដ៏រន្ធត់ក្នុងរឿងផិតក្បត់ ប្តីសម្លាប់ប្រពន្ធហើយចងកសម្លាប់ខ្លួន ទុកបណ្តាំ ២ច្បាប់
រាជធានីភ្នំពេញ ៖ ឃាតកម្មដ៏រន្ធត់មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីសមត្ថកិច្ច និងប្រជាពលរដ្ឋ បានប្រទះឃើញ ស្ត្រីជាប្រពន្ធ ស្លាប់នៅលើពូក ចំណែកបុរសជាប្តីស្លាប់ ក្នុងស្ថានភាពចង.ក ជាមួយចំរឹងបង្អួចក្នុងផ្ទះ កាលពីវេលាម៉ោង ១និង៣០ នាទី រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ នៅផ្ទះលេខ៦៣ ផ្លូវលេខ២៦៥ ក្នុងភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយតាមការសន្និដ្ឋានជាជំហានដំបូង ករណីឃាតកម្មនេះ ទំនងជាផ្តើមចេញពីការ លួចផិតក្បត់គ្នា ធ្វើឲ្យប្តីសម្លាប់ប្រពន្ធ រួចហើយ ចង.កសម្លាប់ខ្លួន តាមក្រោយ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ឈឿ ន ម៉េវសំណាង អាយុ ៣៥ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនទេសចរណ៍មួយ និងប្រពន្ធឈ្មោះ ហង្ស សុគន្ធារី អាយុ ៣០ឆ្នាំ ជាបុគ្គលិកកាស៊ីណូណាហ្គា មានកូនស្រី ៣នាក់ ប្រុស ២នាក់និងស្រីម្នាក់ ។ សាក្សីបានប្រាប់សមត្ថកិច្ចថា នៅមុខផ្ទះជនរងគ្រោះ មានម៉ូតូម៉ាកវីវ៉ាមួយគ្រឿង ទុកចោលរយៈពេលមួយយប់មួយថ្ងៃ មិនឃើញមានអ្នកណាជិះទៅណាទេ ហើយទ្វារផ្ទះបិទជិតទៀត ។
ដោយមានការសង្ស័យ ប្រជាពលរដ្ឋ បានរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋាន ហើយសមត្ថកិច្ចបានសហការ ជាមួយព្រះរាជអាជ្ញា ចុះទៅពិនិត្យនៅក្នុងផ្ទះនោះ ស្រាប់តែឃើញប្រពន្ធ ស្លាប់នៅលើគ្រែពូក និងប្តីចង.ក ជាប់នឹងចង្រឹងបង្អួច ស្លាប់ទាំង ២នាក់ ហើយនៅក្បែរសាកសព មានសរសេរជាលិខិតបណ្តាំ ២ សន្លឹកផងដែរ ។ សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ប្តីប្រពន្ធទាំង ២នាក់នេះមានរយៈមិនក្រោម ៧ ម៉ោងឡើយ ហើយសាច់ញាតិជនរងគ្រោះ បាននិយាយថា ប្តី-ប្រពន្ធ ជនរងគ្រោះ តែងតែមានរឿង ឈ្លោះប្រកែកគ្នា ជាញឹកញាប់ ៕
Source from: watphnom-news.com

Loading...
Loading...