ថៃបោះឆ្នោតសភាដំណើរការដូចគ្រោងទុក ប៉ុន្តែហាក់គ្មានន័យខ្លឹមសារ ព្រោះជំហរពហិការរបស់ក្រុមប្រឆាំង
ដូចជាការគ្រោងទុក ប្រជារាស្ត្រថៃបាននាំគ្នាទៅបោះឆ្នោតសភានៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ទាំងសភាពប្រថុយប្រថាននឹងគ្រោះថ្នាក់ ក្រោមកម្លាំងរាំងខ្ទប់ដោយក្រុមបាតុករគាំទ្របក្សប្រឆាំង មានលោក ស៊ូថេប ជាមេខ្លោង ខណៈដែលប៉ូលិសថៃចំនួនប្រមាណ១៣ម៉ឺននាក់ត្រូវបានដាក់ពង្រាយការពារការិយាល័យបោះឆ្នោតទូទាំងប្រទេស ។
ការិយាល័យបោះឆ្នោតជាទូទៅបានបើកទ្វារដំណើរការចាប់ពីម៉ោង០៨ព្រឹករហូតដល់ម៉ោង១៥ល្ងាច ខណៈដែលលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីចាំផ្ទះរបស់រាជាណាចក្រថៃ បង្ហាញវត្តមានអញ្ជើញទៅបោះឆ្នោតដំបូងគេនៅមណ្ធលបោះឆ្នោតលេខ៣២-៣៤ នៃសង្កាត់ណាវ៉ាមីន ក្រុងបាងកក ក្រោមកិច្ចការពារយ៉ាងម៉ត់ចត់បំផុតដោយកងកម្លាំងសមត្ថកិច្ច ។
ដំណើរការបោះឆ្នោតសភានៅប្រទេសថៃមុនកាលកំណត់ ឬហៅថាជាការបោះឆ្នោតសាជាថ្មីឡើងវិញនេះ គឺកើតចេញពីការសម្រេចចិត្តខ្ពស់របស់លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ដូចជាគណបក្សភឿថៃ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសថៃទាំងមូល ឋិតក្រោមការតវ៉ាដោយប្រើវិធីធ្វើបាតុកម្មអស់ជាច្រើនខែរបស់ក្រុមបាតុករប្រឆាំង មានលោក ស៊ូថេប ជាមេខ្លោង បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមបាតុករប្រឆាំងនៅតែមិនពេញចិត្តទៅនឹងការរៀបចំឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញទៀត គឺក្រុមប្រឆាំងចង់ឡើងកាន់កាប់អំណាចដោយមិនបាច់បោះឆ្នោតតែម្តង ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ បានឲ្យដឹងថា ក្រុមបាតុករប្រឆាំងបានរាំងខ្ទប់ការរៀបចំការបោះឆ្នោតក្នុងមណ្ឌលបោះឆ្នោតចំនួនជាង១០ភាគរយ ពោលគឺចំនួន៤៥មណ្ឌលបោះឆ្នោតក្នុងចំណោមមណ្ឌលបោះឆ្នោតសរុបចំនួន៣៧៥នៅទូទាំងប្រទេស ដោយសន្លឹកឆ្នោត និងហិបឆ្នោតខ្លះត្រូវរាំងខ្ទប់មិនឲ្យយកចេញពីទីតាំងបែងចែកសន្លឹកឆ្នោត ដែលឡោមព័ទ្ធដោយក្រុមបាតុករ ។
ដោយឡែក អ្នកដែលខកខានមិនបានបោះឆ្នោតនៅថ្ងៃអាទិត្យនេះ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃប្រកាសឲ្យអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខជំនួសវិញ ។
ក្នុងស្ថានការណ៍នយោបាយបែបនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ បានព្យាករណ៍ថា លទ្ធផលនៃការបោះឆ្នោតមិនអាចប្រកាសចេញតាមការកំណត់ឡើយ ហើយមានលទ្ធផលតែមួយផ្នែកទេដែលអាចនឹងដឹងនៅរាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ ។
មជ្ឈដ្ឋានអ្នកវិភាគសភាពការណ៍នយោបាយនៅប្រទេសថៃ បានលើកឡើងថា ទោះបីលទ្ធផលឆ្នោតត្រូវបានប្រកាសក៏ដោយ ក៏សភាថៃពិបាកនឹងប្រជុំបានណាស់ ដោយត្រូវការកូរ៉ុមចំនួន៩៥ភាគរយនៃសមាជិកសភាទាំងមូលចំនួន៥០០រូបនោះ ។ ដូច្នេះ ការបោះឆ្នោតសភានៅប្រទេសថៃថ្វីដ្បិតតែអាចដំណើរការ ប៉ុន្តែហាក់ដូចជាគ្មានន័យខ្លឹមសារអ្វីឡើយ ព្រោះជំហររបស់ក្រុមប្រឆាំងមិនទាន់ទទួលយកហេតុផលនៃការដោះស្រាយវិបត្តិនយោបាយដែលដាក់ចេញដោយលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ ៕
Source from: www.dtn7.com

Loading...
Loading...