ចាស់ហើយនៅតែព្រើល បង្កជម្លោះវាយប្រពន្ធកូន និងបំផ្លាញទ្រព្យក្នុងផ្ទះមិនស្វាង
ខេត្ដកណ្ដាល ៖ បុរសម្នាក់ចូលចិត្តប្រើអំពើហិង្សា បង្កជម្លោះក្នុងគ្រួសារ វាយប្រពន្ធកូន និងបំផ្លាញទ្រព្យសម្បត្ដិមិនស្វាង ហើយអួតក្រអឺតក្រទមថា សុខចិត្តយកស្រា មិនយកទេប្រពន្ធ ត្រូវស្ត្រីជាភរិយាឆ្អែតចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចាប់ឃុំខ្លួនកាលពីវេលាម៉ោង ១៥ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
បុរសដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ឯម ឈិន អាយុ ៤៥ឆ្នាំ ជាកសិករ ប្រពន្ធឈ្មោះ ភួង ចិន្ដា អាយុ ៤១ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្ដឹង របស់ស្ដ្រីជាប្រពន្ធ ដោយសារតែបុរសជាប្ដី បានផឹកស៊ីស្រវឹងស្ទើររាល់ថ្ងៃ តែងតែប្រើអំពើហិង្សា មកលើក្រុមគ្រួសារ និងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិក្នុងផ្ទះ ដូចជាវាយកម្ទេច កញ្ចក់រថយន្ដ វាយប្រពន្ធកូន ជិះម៉ូតូបំបុកទូរ ដាក់សម្ភារក្នុងផ្ទះ បន្ថែមទៀត។
បុរសជាប្ដីបានប្រើអំពើហិង្សា លើប្រពន្ធកូន និងពេលខ្លះជេរបញ្ចោ អ្នកជិតខាងបន្ថែមទៀត ។ ការប្រើអំពើហិង្សា ចុងក្រោយនេះ បានធ្វើឱ្យស្ដ្រីជា ប្រពន្ធសម្រេចចិត្ដ ប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន ចាត់ការតាមនីតិវិធី ព្រោះបុរសជាប្ដី តែងតែបញ្ជាក់ថា “ ស៊ូយកស្រា មិនយកទេប្រពន្ធ ” ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង ដែលត្រូវបានវាយបំផ្លិចបំផ្លាញ ត្រូវសមត្ថកិច្ចបញ្ជូន មកអធិការដ្ឋាន នគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...