លោក ទា គឹមសុទ្ធ ស្រវឹងជោកជាំបើកឡានស៊េរីទំនើបបុកម៉ូតូ ហើយបើករត់ទាំងបែកកង់
ខេត្តសៀមរាប ៖ លោក ទា គឹមសុទ្ធ នាយខណ្ឌ រដ្ឋបាលព្រៃឈើសៀមរាប និងជាទីប្រឹក្សា ប្រធានព្រឹទ្ធសភា បានបើករថយន្ដ ទំនើបម៉ាកឡង់រ៉ូវ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-1112 ទាំងស្រវឹងជោកជាំជ្រុលទៅបុកម៉ូតូបណ្តាលម្ចាស់ម៉ូតូ រងរបួសស្រាល ម៉ូតូ ខូចខាតយ៉ាងដំណំ ហើយអ្វីដែលអស្ចារ្យនោះ គឺលោក ទា គឹមសុទ្ធ បានព្យាយាម បើករថយន្តរត់គេច តែត្រូវសមត្ថកិច្ច តាមប្រដេញចាប់បាន នាំយកមករក្សាទុកដើម្បីដោះស្រាយបន្ត។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ៤និង០០ នាទីល្ងាច ថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០១៤ នៅផ្លូវខាងលិចស្ដុប អតីតស្ដាតចាស់ និងជាប់របងខាងជើងសារមន្ទីរអង្គរ ស្ថិតនៅភូមិសាលាកន្សែង ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្រោយពេលបង្កហេតុ លោកទា គឹមសុទ្ធ បានបើករថយន្តរត់គេច មិនទទួលខុសត្រូវ តែ សមត្ថកិច្ចនគរបាលចរាចរណ៍ បានប្រដេញដោយម៉ូតូស ជាច្រើនគ្រឿង ស្ទាក់ចាប់បាននៅខាងជើងស្ដុបកោះកេរ ក្នុងភូមិស្លក្រាម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោក ទា គឹមសុទ្ធ ដែលជាអ្នកបញ្ជា រថយន្តស៊េរីទំនើបដោយផ្ទាល់ បានបើករត់គេច ទាំងបែកកង់មុខខាងឆ្វេង ដោយបាត់បង់ភាពម្ចាស់ការ ត្រូវបានសមត្ថកិច្ចគ្រៀក ចេញពីឡានយកទៅ កាន់កន្លែងសុវត្ថិភាព ព្រោះនៅទីនោះមានមនុស្សចោមរោមរាប់រយនាក់។ សមត្ថកិច្ចបានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីបញ្ចៀសអំពើហិង្សា ដែលអាចកើតមាន ពីអ្នកដំណើរ ដែលកំពុងចោមរោម មើលនៅកន្លែងចាប់រថយន្ដ។ លោកទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ឱ្យតែផឹកស៊ីស្រវឹង ល្បីល្បាញខាងបើកឡាន លឿនហួសកំណត់ និងជ្រែគេឯង ជារឿយៗ។
សមត្ថកិច្ចបានឲ្យដឹងថា លោកទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ បានជិះរថយន្ដឡង់រ៉ូវ័រ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-1112 ក្នុងទិសដៅពីលិចទៅកើត ហើយបានបុកម៉ូតូមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ ដែលជិះពីកើតមកលិច បណ្ដាលឱ្យម៉ូតូខូចខាតយ៉ាងដំណំ តែសំណាងល្អម្ចាស់ម៉ូតូ គ្រាន់តែរងរបួសស្រាល។ ម្ចាស់ម៉ូតូមានឈ្មោះ ហី ហួន ភេទស្រី អាយុ ២៥ឆ្នាំ មានទីលំនៅភូមិគោកស្នួល ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ជាបុគ្គលិកសណ្ឋាគារ អេស៊ានអង្គរ ត្រូវដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យឯកជន ដើម្បីព្យាបាល៕
Source from: watphnom-news.com

Loading...
Loading...