យកទូរស័ព្ទដៃពីក្នុងហោប៉ៅមកនិយាយ មិនទាន់បានចុចផង ត្រូវរន្ទះបាញ់ស្លាប់គួរឲ្យរន្ធត់
ខេត្ដប៉ៃលិន ៖ ភ្លៀងកក់ខែដំបូង នៅក្នុងខេត្ដប៉ៃលិន បង្កឱ្យមានរន្ទះ បាញ់សម្លាប់បុរសម្នាក់ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ខណៈដែលបុរសរងគ្រោះ កំពុងលើកដំឡូង បោះទម្លាក់ពីលើរថយន្ដ នៅចំណុចភូមិទំនប់ ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ហើយនេះជាគ្រោះថ្នាក់ ដ៏គួរឲ្យភ័យខ្លាចបំផុត។
សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ប្រុស វុទ្ធី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិកូនដីរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន មានមុខរបរដឹកដំឡូងបោះឱ្យម៉ូយ នៅផ្សារទីរួម ខេត្ដប៉ៃលិន។ មុនពេលកើតហេតុ ជនរងគ្រោះបានឈប់រថយន្ដ នៅចំណុចកើតហេតុដើម្បីទម្លាក់ដំឡូងឱ្យម៉ូយ គ្រាដែលភ្លៀងកក់ខែ ចាប់ផ្ដើមរាំងនិងនៅរលឹមតិចៗ ក៏បានលូកយកទូរស័ព្ទដៃ ពីក្នុងហោប៉ៅមកនិយាយ។
ពេលនោះមិនទាន់ទាំងបាន ចុចនិយាយផង ស្រាប់តែរន្ទះបាញ់ បណ្ដាលឱ្យបុរសរងគ្រោះ ប្រកាច់ស្លាប់ភ្លាមៗមួយរំពេច ចំណែកទូរស័ព្ទត្រូវរន្ទះបាញ់ បែកជាបំណែក ។ នៅក្បែរនោះមានកម្មករ ៥-៦នាក់ ដែលរួមដំណើរ មកជាមួយជនរងគ្រោះ មិនបានរងរបួសនោះទេ ខណៈភ្លៀងកក់ខែមិនទាន់ដាច់គ្រាប់ ពួកគេចូលទៅជ្រកក្រោមរថយន្ដ ។ ក្រោយពីកើតហេតុ សពជនរងគ្រោះ ត្រូវបានអ្នករួមការងារ ដឹកបញ្ជូនយកទៅឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
Source from: watphnom-news.com

Loading...
Loading...