ចេញពីហូបការត្រូវចោរបាញ់ប្លន់ តែម៉ូតូចាស់ពេក យកលុយបាន ៣ម៉ឺនរៀលគេចខ្លួនបាត់
ខេត្ដបាត់ដំបង ៖ យុវជនម្នាក់បានរងរបួសបាក់ជើង និងម្នាក់ទៀតមិនមាន គ្រោះថ្នាក់អ្វីនោះទេ បន្ទាប់ពីជិះម៉ូតូចេញពីហូបការ នៅក្នុងទីរួមស្រុកកំរៀង បំណងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនមិនស្គាល់មុខមានគ្នា ៣នាក់ ជិះម៉ូតូតាមពីក្រោយបាញ់ប្លន់យកម៉ូតូ តែទំនងជាឃើញម៉ូតូចាស់ពេក ក្រុមចោរប្លន់ឆែកយកតែលុយ រួចជិះម៉ូតូគេចខ្លួនបាត់តែម្ដង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ នៅក្នុងទឹកដីភូមិ ដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្ដបាត់ដំបង ។
យុវជនដែលរងរបួស មានឈ្មោះ យូម យី អាយុ ១៩ឆ្នាំ រងរបួសជើងម្ខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កងពលថ្មើរជើង លេខ៥៣ ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី និងយុវជនម្នាក់ទៀតរួមដំណើរ ឈ្មោះ វិត មានទីលំនៅភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង។ ជនរងគ្រោះឈ្មោះ យូម យី បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូម៉ាក សង់កញ្ចាស់ចេញពីហូបការ បំណងត្រឡប់ទៅផ្ទះវិញ ហើយពេលកំពុងតែជិះនោះ ស្រាប់តែមានម៉ូតូ ២គ្រឿង ជិះតាមពី ក្រោយ ។
លុះមកដល់ចំណុចកើតហេតុ ក្រុមចោរប្លន់បានជិះម៉ូតូ មកកៀករួចដកកាំភ្លើងខ្លីម៉ាក K54 បាញ់សំដៅជើងជនរងគ្រោះ បណ្ដាលឱ្យរងរបួស បំណងយកម៉ូតូ ក៏ប៉ុន្ដែទំនងជាឃើញម៉ូតូ ចាស់ពេកធាក់មិនឆេះ ក្រុមចោរប្លន់ បានឆែកហៅប៉ៅខោ និងហោប៉ៅអាវ ពួកគេទាំង ២នាក់ យកលុយបានប្រហែល ៣ម៉ឺនរៀល រួចជិះគេចខ្លួនបាត់តែម្ដង។ សមត្ថកិច្ចបានហៅ ជនរងគ្រោះឈ្មោះ វិត ដែលមិនរងរបួសមកបំភ្លឺ ពីករណីខាងលើនេះ ដើម្បីឈានទៅ វែកមុខក្រុមចោរប្លន់ យកមកផ្ដន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...