អភិបាលខេត្តដ៏មានឥទ្ធិពលចំនួន២នាក់ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងមុខតំណែងសាធារណៈ
អភិបាលនៃគណៈអភិបាលខេត្តដ៏មានឥទ្ធិពលចំនួន២នាក់ គឺឯកឧត្តម ស្បោង សារ៉ាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានឈានដល់ពេលវេលាដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ក្នុងក្របខ័ណ្ឌមុខងារសាធារណៈនៃមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃហើយ បន្ទាប់ពីបានឡើងកាន់កាប់មុខតំណែងជាអភិបាលខេត្តប្រកបដោយអំណាច និងប្រកបដោយទ្រព្យសម្បត្តិអស់ជាច្រើនឆ្នាំរួចមក ។
ឯកឧត្តម ស្បោង សារ៉ាត កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៥៤ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលល្បីល្បាញខាងមានរឿងអាស្រូវក្នុងការចុះហត្ថលេខាលើបញ្ហាដីធ្លីមានភាពមិនប្រក្រតីនោះ ត្រូវបានដាក់ឲ្យចូលនិវត្តន៍នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៤/២១១ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ដោយឡែក ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ អ៊ី ឈាន កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៥៤ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលល្បីល្បាញខាងជាប់ឈ្មោះជាគ្រួសារមហាអំណាចស្តេចត្រាញ់ប្រចាំខេត្តប៉ៃលិន ដ្បិតមានភរិយាឈ្មោះ បាន ស្រីមុំ ជាតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន មកពីគណបក្សប្រជាជនកម្ពុជាផងនោះ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ខាងមុខ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៤/២១១ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ។
មជ្ឈដ្ឋានអ្នកតាមដាននយោបាយនៅកម្ពុជា បានលើកឡើងថា មន្ត្រីសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាដែលបានដាក់ឲ្យចូលនិវត្តន៍រួចហើយក៏ដោយ ជាពិសេសមន្ត្រីអតីតជាអភិបាលខេត្តដ៏មានឥទ្ធិពល គឺបន្ទាប់ពីបានដាក់ឲ្យចូលនិវត្តន៍ ក៏នៅបន្តមានងារ និងឋានៈជាឯកឧត្តមតទៅទៀតដែរ ដោយអាចត្រូវតែងតាំងឲ្យមានមុខតំណែងនយោបាយ ដូចជា អនុរដ្ឋលេខាធិការក្រសួង រដ្ឋលេខាធិការក្រសួង ទីប្រឹក្សាក្រសួង ទីប្រឹក្សាថ្នាក់ដឹកនាំ ឬជាទីប្រឹក្សារាជរដ្ឋាភិបាល…។ល៕
Source from: www.dtn7.com

Loading...
Loading...