ករណីប្រជាជនលើកគ្នាមករំដោះយកឈើល្មើសពីរដ្ឋបានព្រៃឈើសៀមប៉ាង ប្រយ័ត្នមានជនខិលខូចប្រើប្រាស់ប្រជាជនជាខែល
ប្រភពព័ត៌មានពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ម្សិលមិញនេះ មានលេចចេញហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង គឺក្រុមប្រជាពលរដ្ឋជាង១០០នាក់បានកេណ្ឌគ្នាមកធ្វើសកម្មភាពវាយកម្ទេចសោរបងស្នាក់ការរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាង រំដោះយកគោយន្តកន្ត្រៃ ទូក និងឈើប្រណីតសមត្ថកិច្ចចម្រុះដឹកនាំដោយតុលាការ បង្ក្រាបចាប់បានយកមករក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ដោយក្រុមប្រជាជនទាំងនោះអះអាងថា ពួកគាត់ខឹងសម្បានឹងសមត្ថកិច្ចបង្ក្រាបមធ្យោបាយដឹកជញ្ជូន និងឈើប្រណីតបន្តិចបន្តួចរបស់ពួកគាត់ ហើយមើលរំលងក្រុមឈ្មួញរកស៊ីឈើធំៗទៅវិញ ។
សមត្ថកិច្ចរដ្ឋបាលព្រែឈើស្រុកសៀមប៉ាងបានឲ្យដឹងថា គោយន្តកន្ត្រៃដែលក្រុមប្រជាជនរំដោះយកទីនោះ មានចំនួន២គ្រឿង ទូក១គ្រឿង និងឈើប្រណីតជាច្រើនទៀត ប៉ុន្តែមិនទាន់ដឹងអំពីចំនួនពិតប្រាកដនៅឡើយ ។
មន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា ករណីស្រដៀងគ្នានេះធ្លាប់បានកើតមានរួចម្តងមកហើយ កាលពីឆ្នាំកន្លងទៅ ដែលរឿងរ៉ាវដូច្នេះ ត្រូវបានគេសង្ស័យថាអាចមានមន្ត្រីពោរពេញដោយអំណាចនៅក្នុងស្រុកសៀមប៉ាងប្រើប្រាស់កម្លាំងប្រជាជនធ្វើជាខែល ដើម្បីការពារផលប្រយោជន៍ រកស៊ីឈើខុសច្បាប់របស់ខ្លួន និងបក្ខពួក ។
មជ្ឈដ្ឋានអ្នកច្បាប់បនាលើកឡើងថា អាជ្ញាធរមានសមត្ថកិច្ចគប្បីស៊ើបអង្កេតស្រាវជ្រាវរកមុខមេខ្លោងខិលខូចដែលប្រើប្រាស់កម្លាំងប្រជាជនមករំដោះយកឈើខុសច្បាប់ដល់ទីស្នាក់ការរដ្ឋបាលព្រៃឈើដូច្នេះ ពីព្រោះវានឹងអាចក្លាយជាវប្បធម៌ដ៏អាក្រក់បំផុតកើតមាននៅខេត្តភូមិភាគឦសានមួយនេះ ៕
Source from: www.dtn7.com

Loading...
Loading...