ស្លាប់ម្នាក់និងរបួសធ្ងន់-ស្រាលជិត១០នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តទួរីសនិង Hilux Vigo
បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ និងមនុស្សជិត១០នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នាវេលាម៉ោង១៤រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤នេះ នៅភូមិសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បង្កដោយរថយន្តម៉ាក Hilux Vigo មួយគ្រឿង បុកគ្នាចំពីមុខពេញទំហឹងជាមួយរថយន្តប្រភេទទួរីសមួយគ្រឿងទៀតដឹកអ្នកដំណើរជិត១០នាក់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Hilux Vigo មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2M-4658 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ រថយន្ត Hilux Vigo នេះបានបុកចំពីមុខយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទទួរីសមួយគ្រឿងទៀត ពាក់ស្លាកលេខស្ទឹងត្រែង 2A-0216 ដឹកអ្នកដំណើរជិត១០នាក់ បើកបរក្នុងល្បឿនលឿនដូចគ្នា មានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរ Hilux Vigo បាក់កស្លាប់កៀបនឹងចង្កូតរថយន្តយ៉ាងអាណោចអាធ័ម និងអ្នកដំណើរក្នុងរថយន្តទួរីសរងរបួសធ្ងន់-ស្រាលជិត១០នាក់ ដោយរថយន្តទទួលរងការខូចខាតទាំងសងខាង ។
សមត្ថកិច្ចមិនទាន់បានផ្តល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត និងរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះនៅឡើយទេ ដោយជាប់មមាញឹកក្នុងការជួយសង្គ្រោះដល់អ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ និងវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់ ។
សូមអ្នកបើកបរយានយន្តទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសករណីគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ គឺជាឃាតកលាក់មុខដ៏សាហាវបំផុត ៕
Source from: www.dtn7.com

Loading...
Loading...