អ្នកឆ្លុះសត្វបាញ់អ្នករកស៊ីកាប់ឈើស្លាប់ម្នាក់ នៅកណ្តាលព្រៃជ្រៅ ដោយសារព្រាយបន្លំភ្នែក
ខេត្តមណ្ឌលគិរី ៖ ក្នុងករណីព្រាយបន្លំភ្នែក បានបណ្តាលឲ្យយុវជនម្នាក់ ក្នុងចំណោម ៣នាក់ ដែលរកស៊ីកាប់ឈើក្នុងព្រៃ ស្លាប់បាត់បង់ជីវិត ដោយសារអ្នកឆ្លុះសត្វបាញ់ប្រហារ កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី០១ ខែមិថុនាឆ្នាំ២០១៤ នៅចំណុចភ្នំណាមរ៉ាម ភូមិអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយក្រោយមកសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនឃាតកម្នាក់ បញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។
មុនពេលកើតហេតុ អ្នកឆ្លុះសត្វមានគ្នា ២នាក់ បានចូលបរបាញ់សត្វព្រៃ នៅយប់ថ្ងៃទី៣១ ខែឧសភា នៅជើងភ្នំណាមរ៉ាម ស្រុកកោះញែក ពេលចូលដល់ក្នុងព្រៃជ្រៅ ក៏ស្រាប់តែបញ្ចាំងពិល ឃើញកែវភ្នែក ស្រាប់តែអ្នកឆ្លុះសត្វទាំង ២នាក់ បាញ់តម្រង់ភ្នែកនោះ ស្រាប់តែឮសូរសំឡេង មនុស្សស្រែកអូយៗ ហើយអ្នកឆ្លុះបានរត់គេចខ្លួនពីទីនោះ បន្ទាប់ពីដឹងថា ខ្លួនបានបាញ់ត្រូវ មនុស្ស មិនមែនសត្វនោះទេ។ បន្តិចក្រោយមក គេឃើញមនុស្សម្នាក់ រត់មកប្តឹងសមត្ថកិច្ច ពីហេតុការណ៍ដែលអ្នកឆ្លុះសត្វ បាញ់ត្រូវគ្នាគេម្នាក់ ក្នុងចំណោម ៣នាក់ បណ្តាលឲ្យរងគ្រោះធ្ងន់ធ្ងរ កណ្តាលព្រៃ ដែលពួកគាត់កំពុងដេកសម្រាក បន្ទាប់ពីពួកគេរកស៊ីអារ.ឈើក្នុងព្រៃ។
ជនរងគ្រោះដែលស្លាប់ ដោយសារគ្រាប់កាំភ្លើង មានឈ្មោះ ផា ណុច ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅស្រុកកោះញែក ស្លាប់ពេលបញ្ជូនមកដល់ មន្ទីរពេទ្យបង្អែកស្រុក។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានម្នាក់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ ជាអ្នកប្រើប្រាស់កាំភ្លើងខុសច្បាប់ ម៉ាក់អាកា ឈ្មោះ យាន យ៉យ មានស្រុកកំណើត នៅស្រុកកោះញែក ត្រូវបានកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងនគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបញ្ជូនខ្លួនជនល្មើស ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com

Loading...
Loading...