សមត្ថកិច្ចឡោមព័ទ្ធចាប់បុរស ២នាក់ ពេលកំពុងឆក់ត្រី ក្នុងសហគមន៍នេសាទ អូររន្ទះបាញ់
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចនគរបាល ស្រុកព្រះនេត្រព្រះ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៧នាក់ ដែលលួចឆ្លងដែន ពីស្រុកមង្គលបូរី មកឆក់ត្រីក្នុងភូមិសាស្ត្រ ស្រុកព្រះនេត្រព្រះ ហើយត្រូវបានសមត្ថកិច្ចចំរុះ រួមមានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលភ្នំលៀប សហការជាមួយ កម្លាំងជំនាញជលផលព្រះនេត្រព្រះ សហគមន៍នេសាទកំបោរ និងសហគមន៍នេសាទអូររន្ទះបាញ់ ក្របួចជាប់និងបញ្ជូនខ្លួន ទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤។
លោកវរសេនិយ៍ត្រី កែវ ប៊ុនយឿន អធិការស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានជនខិលខួចមួយក្រុម កំពុងតែធ្វើសកម្មភាពឆក់ត្រី ក្នុងភូមិសាស្ត្រខាងលើ លោកក៏បានបញ្ជាឲ្យ កម្លាំងនគរបាលស្រុក ចុះទៅបង្ក្រាប នៅវេលាម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ សមត្ថកិច្ចបានដេញ យ៉ាងប្រផិតប្រភីង ចាប់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៧នាក់ រួមទាំងឧបករណ៍ឆក់ និងម៉ូតូចំនួន ២គ្រឿង បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកព្រះនេត្រព្រះ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យរួមមានឈ្មោះ ឆុន វី ភេទប្រុស អាយុ ៤៧ឆ្នាំ និងឈ្មោះ ឡុង រឿន ភេទប្រុសអាយុ ៥០ឆ្នាំ ទាំង ២នាក់ រស់នៅភូមិស្រែព្រៃ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមទាំងវត្ថុតាងដូចជា ម៉ូតូ២គ្រឿង អាគុយ ៣ គ្រឿង ប្រដាប់ប្រដាសំរាប់ឆក់ត្រី មួយចំនួនផងដែរ។ ជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចស្រាវជ្រាវ នាំមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ចិន្តា
Source from: watphnom-news.com

Loading...
Loading...