ធ្លាយរឿងអាស្រូវចារកម្មដ៏ធំដោយសារបុគ្គលិកចារកម្មអាល្លឺម៉ង់លក់ខ្លួនឲ្យអាមេរិកដែលជាសម្ព័ន្ធមិត្ត
សារព័ត៌មាន Bild am Sonntag របស់អាល្លឺម៉ង់ បានចេញផ្សាយកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះថា បុគ្គលិកចារកម្មរបស់អាល្លឺម៉ង់ម្នាក់បានធ្វើជាផ្ទៃក្នុងផ្តល់ព័ត៌មានសំខាន់ៗទៅឲ្យក្រុមចារកម្មសហរដ្ឋអាមេរិក ហើយបុគ្គលិកចារកម្មនោះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលបុគ្គលិកចារកម្មអាយុ៣១ឆ្នាំមិនទាន់ត្រូវបានបញ្ចេញឈ្មោះឲ្យដឹងនោះ បានសារភាពថា ជារៀងរាល់សប្តាហ៍ខ្លួនបានផ្ញើឯកសារសរុបប្រមាណចំនួន២១៨ទំព័រឲ្យទៅក្រុមចារកម្មអាមេរិក ។
ការណ៍ដែលនាំឲ្យឈានទៅចាប់ខ្លួនបានបុគ្គលិកចារកម្មអាល្លឺម៉ង់ដែលលក់ខ្លួនទៅឲ្យក្រុមចារកម្មអាមេរិកនោះ គឺក្រោយពេលសភាអាល្លឺម៉ង់សម្រេចបង្កើតគណៈកម្មការស៊ើបអង្កេតរឿងអាស្រូវលួចស្តាប់ការសន្ទនារបស់ប្រមុខថ្នាក់ដឹកនាំអាល្លឺម៉ង់ គឺលោកស្រីអធិការបតី Angela Merkel ខណៈដែលសកម្មភាពលួចផ្តល់ព័ត៌មានសម្ងាត់របស់បុគ្គលិកចារកម្មអាល្លឺម៉ង់នេះបានកើតឡើងតាំងពីឆ្នាំ២០១២ ទើបតែចាប់ខ្លួនបាននៅឆ្នាំ២០១៤ ហើយបណ្តាអ្នកនយោបាយអាល្លឺម៉ង់បានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំង និងទាមទារឲ្យសហរដ្ឋអាមេរិកធ្វើការបកស្រាយឲ្យបានច្បាស់លាស់អំពីសកម្មភាពនេះ ។
លោក Joachim Gauck ប្រធានាធិបតីអាល្លឺម៉ង់ បានធ្វើការរិះគន់ទៅលើសហរដ្ឋអាមេរិកថា បានប្រើប្រាស់ទំនុកចិត្តរបស់ប្រទេសជាសម្ព័ន្ធមិត្ត ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ។
ក្រុមអ្នកស្រាវជ្រាវទាំងឡាយរបស់អាល្លឺម៉ង់ បានបញ្ជាក់ថា នេះគឺជារឿងអាស្រូវចារកម្មដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់រហូតមកទល់បច្ចុប្បន្ន ។
នារយៈពេលកន្លងទៅថ្មីៗនេះ ប្រទេសឥណ្ឌាក៏ធ្លាប់បានបញ្ចេញនូវប្រតិកម្មទៅលើសហរដ្ឋអាមេរិកផងដែរ ទាក់ទងនឹងក្រុមចារកម្មអាមេរិកលួចស្តាប់ការសន្ទនារបស់ផ្នែកការទូតឥណ្ឌានៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក រហូតដល់ថ្នាក់រដ្ឋាភិបាលឥណ្ឌាកោះហៅអ្នកការទូតអាមេរិកប្រចាំក្រុង New Delhi ឲ្យមកបំភ្លឺរឿងពាក់ព័ន្ធក្រុមចារកម្មរបស់អាមេរិកនៅឥណ្ឌា នូវចម្លើយដ៏ពិតប្រាកដមួយទៀតផង ៕
Source from: www.dtn7.com

Loading...
Loading...