បទល្មើសនេសាទក្នុងខេត្តកំពង់ធំបានកើតឡើងកក្រើកពេញផ្ទៃទន្លេសាប
រដូវវស្សាបានឈានចូលមកដល់ ។ បទល្មើសនេសាទនៅក្នុងខេត្តកំពង់ធំដែលជាខេត្តមានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប ជាជង្រុកត្រីរបស់ប្រទេសកម្ពុជានោះកកើតមានឡើងដែរ ដោយរបាំងសាច់អួនប្រវែងរាប់ពាន់ម៉ែត្រ ត្រូវបានគេដាក់ពង្រាយកាត់ផ្ទៃបឹងច្រើនកន្លែង និងមានក្រុមកម្មកររបស់ជនល្មើសបានសង់ផខ្ទមនៅលើដើមឈើ រួមជាមួយសម្ភារៈជាច្រើនផ្សេងៗ ដើម្បីយាមកាមថែមទៀត ។
ថ្វីដ្បិតមានសកម្មភាពបង្ក្រាបបទល្មើសនេសាទខ្លះៗមែនពីសំណាក់មន្ត្រីរដ្ឋបាលជលផលក៏ដោយ ក៏ប្រតិបត្តិការបង្ក្រាបនោះត្រូវបានអ្នកសារព័ត៌មានរាយការណ៍ឲ្យដឹងថា ជ្រើសរើសទីតាំងបង្ក្រាបប្រកបដោយភាពលាក់លៀមពីការតាមប្រមាញ់របស់អ្នកសារព័ត៌មាន និងម្យ៉ាងទៀត ប្រតិបត្តិការនៃការបង្ក្រាបគឺបានត្រឹមតែកាត់របាំងអួនមួយចំនួនទម្លាក់ចោល រួចក៏បើកកាណូតចេញបាត់ទៅ ហើយធ្វើរបាយការណ៍ភូតភរយកស្នាដៃ ដូចទុកឱកាសឲ្យជនល្មើសមិនរាងចាល ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រឃុំពាមបាង និងឃុំផាត់សណ្តាយ បានសម្តែងនូវការខឹងសម្បារយ៉ាងខ្លាំងទៅលើលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ហួន ផល នាយសង្កាត់ជលផលពាមបាង ដែលចេញមុខបង្ក្រាបតែប្រជាពលរដ្ឋក្នុងមូលដ្ឋានតូចតាច បែរជាមិនបង្ក្រាបបទល្មើសរបស់ឈ្មួញដ៏ធំមួយឈ្មោះ ឆេង សួរ មកពីខេត្តសៀមរាបទាល់តែសោះ ។
ក្រុមប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រជាប់នឹងបឹងទន្លេសាប បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មេត្តាចុះត្រួតពិនិត្យ ស៊ើបអង្កេត និងមានវិធានការទៅលើករណីបទល្មើសនេសាទក្នុងខេត្តកំពង់ធំដែលកើតឡើងកក្រើកពេញផ្ទៃទន្លេសាប ក្រោមការគ្រប់គ្រងរបស់លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ហួន ផល នាយសង្កាត់ជលផលពាមបាងនោះផង ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ហួន ផល នាយសង្កាត់ជលផលពាមបាង គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់បាននៅឡើយទេ ពាក់ព័ន្ធនឹងបទល្មើសនេសាទដែលកើតមាននៅក្នុងខេត្តកំពង់ធំនោះ គិតត្រឹមថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៤នេះ ៕
Source from: www.dtn7.com

Loading...
Loading...