មន្ត្រីជាន់ខ្ពស់ចិនដែលជាប់សង្ស័យនឹងអំពើពុករលួយចំនួន១៥០នាក់បានរត់គេចខ្លួនទៅរស់នៅសហរដ្ឋអាមេរិក
សារព័ត៌មាន China Daily ដែលដកស្រង់សម្តីលោក Liao Jinrong ប្រធានការិយាល័យទទួលបន្ទុកទំនាក់ទំនងការបរទេសរបស់ស្នងការប៉ូលិសចិន បានឲ្យដឹងថា មានមន្ត្រីជាន់ខ្ពស់ចិនរហូតដល់ចំនួន១៥០នាក់ ដែលប្រឈមនឹងការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ បានរត់គេចទៅសំងំលាក់ខ្លួនរស់នៅសហរដ្ឋអាមេរិក ។ អាមេរិកបានក្លាយជាទីតាំងសម្រាប់លាក់ខ្លួនរបស់មន្ត្រីចិន ចាប់សង្ស័យនឹងបទពុករលួយ ដោយសារតែប្រទេសទាំង២នេះមិនទាន់មានកិច្ចព្រមព្រៀងដោះដូរអ្នកប្រព្រឹត្តល្មើស ជាហេតុធ្វើឲ្យការបញ្ជូនមន្ត្រីពុករលួយទាំងនោះត្រឡប់មកស្រុកចិន ដើម្បីកាត់ទោសជួបការលំបាក ។
លោក Liao Jinrong បានបញ្ជាក់ឲ្យដឹងដែរថា ម្យ៉ាងទៀតទំនាក់ទំនងនយោបាយអាមេរិក និងចិនមិនសូវល្អប្រសើរឡើយ ទើបក្រុមមន្ត្រីពុករលួយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅប្រទេសចិនសម្រេចទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីសោយសុខលើគំនរទ្រព្យសម្បត្តិលុយកាក់របស់ពួកគេ ។
អាជ្ញាធរតុលាការចិនបានប្រកាសនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះឲ្យដឹងថា លោក Wang Zongnan អតីតអ្នកទទួលខុសត្រូវខាងនយោបាយក្រុងសៀងហៃម្នាក់ ដែលគេស្គាល់ថា មានទំនាក់ទំនងជាមួយលោក Jiang Zemin អតីតប្រធានាធិបតីចិន និងបច្ចុប្បន្នជាពាណិជ្ជករ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ ក្រោយការស៊ើបអង្កេតចំនួន២សប្តាហ៍កន្លងមក ។
លោក Wang Zongnan អតីតជាដៃស្តាំរបស់អតីតប្រមុខបក្សកុម្មុយនិស្តក្រុងសៀងហៃ គឺលោក Chan Liangyu ដែលមានរឿងអាស្រូវពុករលួយដ៏ធំមួយ ហើយទទួលបានការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ កាលពីអំឡុងឆ្នាំ២០០៨ ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីលោកប្រធានាធិបតីចិន Xi Jinping បានឡើងកាន់តំណែងមក លោកបានអនុវត្តន៍គោលនយោបាយកម្ចាត់អំពើពុករលួយនៅក្នុងជួរមន្ត្រីរដ្ឋការរបស់ចិន មិនថាមន្ត្រីមានស្នាដៃធំធេងក្នុងសង្គមនោះឡើយ ជាហេតុធ្វើឲ្យមន្ត្រីចិនជាប់សង្ស័យនឹងអំពើពុករលួយជាច្រើននាក់ បានរត់គេចខ្លួនទៅរស់នៅឯបរទេស ៕
Source from: www.dtn7.com

Loading...
Loading...