នរណាទទួលខុសត្រូវលើការស៊ើបអង្កេតករណីវះកាត់ប្តូរក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលារហូតមានការចាប់ឃាត់ខ្លួនមនុស្សផ្អើលពេញប្រទេស ?
ក្រុមសារព័ត៌មានក្នុងស្រុកមិនតិចឡើយ បានធ្វើការចុះផ្សាយយ៉ាងគគ្រឹកគគ្រេងទាក់ទងនឹងប្រតិបត្តិការ របស់កងកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបើកការស៊ើបអង្កេតជុំវិញករណីវះកាត់ប្តូរក្រលៀនមនុស្សនៅមន្ទីរពេទ្យព្រះកេតុមាលា ឬហៅថា ពេទ្យយោធា១-៧៩ រហូតដល់មានការចាប់ឃាត់ខ្លួនមនុស្សយ៉ាងតិចចំនួន៦នាក់ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤នោះ ដោយមានសារព័ត៌មានខ្លះបានចុះផ្សាយផ្តោតទៅលើរូបភាពនៃការជួញដូរសរីរាង្គមនុស្ស(ក្រលៀន) ផ្តើមចេញពីការវះកាត់ដោះដូរនៅមន្ទីរពេទ្យព្រះកេតុមាលា ដែលមានលោកឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ជាប្រធានមន្ទីរពេទ្យទៀតផង ។
វេជ្ជបណ្ឌិតជនជាតិចិន និងវៀតណាមមួយចំនួនត្រូវបានសមត្ថកិច្ចនគរបាលធ្វើការចាប់ឃាត់ខ្លួននៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកនោះ រួមមាន ៖ លោកវេជ្ជបណ្ឌិត ចឹង ហ្វាំជន អាយុ៥៨ឆ្នាំ ជាជនជាតិចិន និងលោកវេជ្ជបណ្ឌិត រ៉េន ជៀវ អាយុ៧៧ឆ្នាំ ជាជនជាតិចិនកាត់វៀតណាម…ជាដើម ខណៈដែលលោកវេជ្ជបណ្ឌិត ជុន ប៊ុនហាក់ ជាជនជាតិខ្មែរ, លោកឧត្តមសេនីយ៍ទោ កែវ ដារាវុធ ជាអនុប្រធានមន្ទីរពេទ្យ និងលោកឧត្តមសេនីយ៍ឯក លី សុវណ្ណ ជាប្រធានមន្ទីរពេទ្យ ព្រះកេតុមាលា ត្រូវបានគេដាក់ការសង្ស័យថា អាចមានការពាក់ព័ន្ធក្នុងករណីនេះ ។
សារព័ត៌មានមួយចំនួនបានចុះផ្សាយបង្ហាញអំពីទីផ្សារងងឹតជួញដូរក្រលៀនមនុស្សនៅកម្ពុជា តាមរយៈការវះកាត់ដោះដូរនៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងអគារវះកាត់ជាអំណោយរបស់រដ្ឋាភិបាលចិន មានរយៈពេលប្រមាណជាង១ឆ្នាំមកហើយ ដោយតម្លៃជួញដូរក្រលៀន១គូពី៣៥.០០០ដុល្លារអាមេរិក ទៅ៤០.០០០ដុល្លារអាមេរិក ដែលអ្នកដូរភាគច្រើនមកពីប្រទេសចិន ចំណែកអ្នកលក់ក្រលៀនគឺជាជនជាតិខ្មែរ ដែលទទួលបានតម្លៃលក់ត្រឹមប្រមាណ៥.០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីដាក់បន្ទុកបន្ថែមទៅលើជនសង្ស័យដែលកម្លាំងសមត្ថកិច្ចនគរបាលធ្វើការចាប់ឃាត់ខ្លួននោះ ។
រយៈពេល២ថ្ងៃក្រោយមក បន្ទាប់ពីរឿងរ៉ាវវះកាត់ប្តូរក្រលៀនត្រូវបានបណ្តាញសារព័ត៌មានជាច្រើនផ្សព្វផ្សាយ ផ្តោតទៅលើការជួញដូរក្រលៀនមនុស្សផ្អើលពេញប្រទេសរួចហើយ ទើបនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលគ្មានមនុស្សចុះហត្ថលេខាទទួលខុសត្រូវ ដោយបញ្ជាក់ថា "ករណីការវះកាត់ប្តូរក្រលៀននៅមន្ទីរពេទ្យព្រះកេតុមាលា គឺធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌជំនួយឥតសំណង ដោយមានការបញ្ជូនអ្នកឯកទេសដែលជាវេជ្ជបណ្ឌិតចិនឲ្យមកបណ្តុះបណ្តាលវេជ្ជបណ្ឌិតយោធាកម្ពុជា ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា និងផ្លាស់ប្តូរបទពិសោធន៍ផ្នែកវះកាត់ប្តូរក្រលៀន ក្នុងគោលដៅជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជាក្នុងពេលអនាគត ។ ករណីនេះ គឺជាប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រសុទ្ធសាធ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ក្នុងគោលដៅបង្កើនសមត្ថភាពផ្នែកសុខាភិបាលដល់វេជ្ជបណ្ឌិតយោធាកម្ពុជា និងមិនផ្ទុយពីច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឡើយ" ។
មជ្ឈដ្ឋាននានាបានផ្តោតអារម្មណ៍ថា យោងតាមពិធីសាររវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ស្តីពីការផ្តល់ជំនួយបរិក្ខារពេទ្យឥតសំណងរបស់ចិន, លិខិតអញ្ជើញសាស្ត្រាចារ្យឯកទេសរបស់មន្ទីរពេទ្យព្រះកេតុមាលា ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣ និងពិធីសារចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ រវាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានក្លាយជាមូលដ្ឋាននាំឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញយល់ឃើញថា "ករណីនេះពុំមែនជាបទល្មើសជួញដូរសរីរាង្គមនុស្ស(ក្រលៀន)តាមច្បាប់ព្រហ្មទណ្ឌកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះឡើយ" គឺរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃរបស់កម្ពុជា ពិតជាបានដឹងច្បាស់អំពីរឿងរ៉ាវពាក់ព័ន្ធនឹងពិធីសាររវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិន លើករណីវះកាត់ប្តូរក្រលៀនមនុស្សនៅមន្ទីរពេទ្យព្រះកេតុមាលានេះ ។
ដូច្នេះ តើប្រភពមកពីណាដែលផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចនគរបាលចុះទៅឆែកឆេរ និងចាប់ឃាត់ខ្លួនក្រុមវេជ្ជបណ្ឌិតចិននិងកម្ពុជាផ្នែកវះកាត់ប្តូរក្រលៀនមនុស្ស នៅមន្ទីរពេទ្យព្រះកេតុមាលាដែលជាមន្ទីរពេទ្យយោធា ឡើងផ្អើលពេញផ្ទៃប្រទេស ? តើសមត្ថកិច្ចនគរបាលទាំងនោះមានបានសុំគោលការណ៍ពីអគ្គស្នងការនគរបាលជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬនាយករដ្ឋមន្ត្រីដែរឬទេ ? ម្យ៉ាងទៀត ហេតុអ្វីបានជាសមត្ថកិច្ចកងរាជអាវុធហត្ថដែលជាមន្ត្រីនគរបាលយុត្តិធម៌ដែរនោះ មិនមែនជាម្ចាស់ករណីដ៏សំខាន់ក្នុងរឿងរ៉ាវចុះឆែកឆេរនៅមន្ទីរពេទ្យយោធានេះទៅវិញ ?
ឥឡូវ ការស៊ើបអង្កេតជុំវិញព័ត៌មានទាក់ទងនឹងករណីវះកាត់ប្តូរក្រលៀនមនុស្សនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យយោធា១-៧៩នោះ គ្មានទទួលបាននូវលទ្ធផលល្មើសច្បាប់អ្វីទេ បានត្រឹមចាប់ឃាត់ខ្លួនមនុស្សជាវេជ្ជបណ្ឌិតចិន-ខ្មែរ ធ្វើឲ្យផ្អើលពេញផ្ទៃប្រទេស និងប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំមន្ទីរពេទ្យ កិត្តិយសក្រុមវេជ្ជបណ្ឌិតឯកទេសខ្មែរ-បរទេស ព្រមទាំងប៉ះពាល់ដល់ស្មារតីនៃការអនុវត្តពិធីសាររវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិចិនយ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះ តើនរណាចេញមុខទទួលខុសត្រូវក្នុងរឿងរ៉ាវដ៏ធំនេះ ទោះបីវាបានបញ្ចប់ទៅហើយក្តី ប៉ុន្តែវាបានប៉ះពាល់យ៉ាងខ្លាងដល់សតិអារម្មណ៍របស់មន្ត្រី និងអ្នកឯកទេសប្រតិបត្តិការងារឯទៀត ។
មន្ត្រីសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយរូបដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីចុះឆែកឆេរស៊ើបអង្កេតជុំវិញព័ត៌មានវះកាត់ប្តូរក្រលៀនមនុស្សនៅមន្ទីរពេទ្យព្រះកេតុមាលាយ៉ាងក្តៅគគុក រហូតដល់ថ្នាក់មានការចាប់ឃាត់ខ្លួនក្រុមវេជ្ជបណ្ឌិត និងអ្នកឯកទេសវេជ្ជសាស្ត្រទាំងខ្មែរ ទាំងបរទេស ធ្វើឲ្យផ្អើលពេញផ្ទៃប្រទេសនោះ អាចផ្តើមចេញមកពីបញ្ហាកាច់កុងគ្នាក្នុងរង្វង់បក្ខពួក ខ្សែខុសគ្នា ក្នុងជួរមន្ត្រីកងកម្លាំងប្រដាប់អាវុធថ្នាក់ខ្ពស់ៗ ៕
Source from: www.dtn7.com

Loading...
Loading...