ការប្រឡងបាក់ឌុបលើកទី២ធ្វើឲ្យពាក្យស្លោក”អ្នកចេះគឺជាប់”របស់រដ្ឋមន្ត្រីក្រសួងអប់រំលែងមានន័យនិងបំផ្លាញថវិកាជាតិ
រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី បន្ទាប់ពីបានដឹងថា អត្រាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(Bac II) កាលពីថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០១៤កន្លងមក ជាប់ក្នុងកម្រិតក្រោម២០ភាគរយនោះ បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤នេះថា នឹងរៀបចំឲ្យមានការប្រឡងលើកទី២ទៀត ដែលគ្រោងធ្វើឡើងនៅចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០១៤ខាងមុខនេះ ខណៈដែលកាលពីឆ្នាំ២០១៣ បេក្ខជនប្រឡងបាក់ឌុបបានជាប់ក្នុងអត្រាប្រមាណជាង៨០ភាគរយ ។
ការប្រកាសរៀបចំប្រឡងបាក់ឌុបលើកទី២របស់រាជរដ្ឋាភិបាលនេះ បានធ្វើឲ្យមជ្ឈដ្ឋានភាគច្រើនរិះគន់ថា ជាការបំផ្លិចបំផ្លាញជាតិ និងធ្វើទៅតាមតែការនឹកឃើញ គ្មានគោលការណ៍គិតទុកជាមុនឲ្យបានច្បាស់លាស់ឡើយ ។
ក្រុមអ្នករិះគន់បានលើកឡើងថា ការប្រឡងបាក់ឌុបលើកទី២ ដើម្បីស្រោចស្រង់ឲ្យមានសិស្សជាប់ច្រើនជាងការប្រឡងលើកទី១ ដែលអះអាងថា ក្នុងន័យកែទម្រង់លើវិស័យអប់រំស្វែងរកគុណភាព ធនធានមនុស្សនោះ ធ្វើឲ្យពាក្យស្លោករបស់ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលថា "អ្នកចេះគឺជាប់" ក្លាយជាលែងមានន័យខ្លឹមសារ ការប្រឹងប្រែងសង្កេតការណ៍ និងចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) នាពេលកន្លងមក ក្លាយជាឥតប្រយោជន៍ និងជាការបំផ្លិចបំផ្លាញថវិកាជាតិ ដ្បិតការប្រឡងលើកទី១បានចាយវាយថវិកាជាតិអស់ប្រមាណ៤លានដុល្លារអាមេរិកទៅហើយៗការប្រឡងលើកទី២ ក៏នឹងអាចចាយវាយថវិកាជាតិងអស់ប្រមាណ៤លានដុល្លារអាមេរិកទៀតដែរ គឺសរុបការប្រឡងទាំង២លើក ត្រូវចំណាយថវិកាជាតិអស់ប្រមាណ៨លានដុល្លារអាមេរិក ។
មជ្ឈដ្ឋានអ្នករិះគន់មាត់ដាចខ្លះនិយាយថា ឥឡូវទាន់លទ្ធផលប្រឡងបាក់ឌុបលើកទី១មិនទាន់ប្រកាសនិងកុំឲ្យមានការខាតបង់ថវិកាជាតិលើការប្រឡងលើកទី២ ព្រមទាំងដើម្បីបំពេញបំណងរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីបានជាប់ច្រើនវិញនោះផង គប្បីកែសម្រួលដំឡើងពិន្ទុឲ្យបេក្ខជនប្រឡងដែលខ្វះពិន្ទុឲ្យបានជាប់តែម្តងទៅ ខ្ជិលរៀបចំប្រឡងលើកទី២នាំឲ្យខាតពេលវេលា និងខាតបង់ថវិកាជាតិ ។
ប្រភពព័ត៌មានក្រៅផ្លូវការមួយចំនួន តែអាចយកមកធ្វើការពិចារណាបានឲ្យដឹងថា ការណ៍ដែលបុរសខ្លាំងបែកគំនិតរៀបចំប្រឡងបាក់ឌុបលើកទី២នោះ គឺបន្ទាប់ពីមានទីប្រឹក្សាផ្ទាល់បុរសខ្លាំងដែលជាថៅកែសាកលវិទ្យាល័យមួយចំនួនបានផ្តល់យោបល់ជូនទៅបុរសខ្លាំងឲ្យមានការរៀបចំប្រឡងបាក់ឌុបជាលើកទី២ទៀតឲ្យមានសិស្សចាប់ច្រើន ដើម្បីបានចូលរៀនបន្តនៅសាកលវិទ្យាល័យរបស់ខ្លួន ជៀសវាងសាកលវិទ្យាល័យគ្មានសិស្សចូលរៀននាំឲ្យដួលរលំ(Sic!) ។
អាណាព្យាបាលសិស្សប្រឡងបាក់ឌុបម្នាក់បាននិយាយឲ្យដឹងថា បើរៀបចំប្រឡងបាក់ឌុបឆ្នាំ២០១៤នេះខ្លាចសិស្សជាប់តិចពេក និងរៀបចំឲ្យមានការប្រឡងលើកទី២ទៀតនោះ តើចាំបាច់អ្វីត្រូវធ្វើការរឹតបន្តឹងយ៉ាងហំហាននៅពេលប្រឡងលើកទី១ នាំឲ្យមានមនុស្សខ្លះប្រឈមនឹងការជាប់គុកច្រវាក់ និងសិស្សខ្លះទៀតបានធ្លាក់ជាស្វ័យប្រវត្តិរួចទៅហើយ ទាំងមិនអស់ចិត្ត និងម្យ៉ាងទៀត ហេតុអ្វីមិនព្រមប្រកាសឲ្យដឹងតាំងពីមុនមកផង ? ៕
Source from: www.dtn7.com

Loading...
Loading...