មន្ត្រីយោធាកងអង្គរក្សម្នាក់បញ្ចប់ជីវិតប្រពន្ធនិងជីវិតខ្លួនឯងដោយគ្រាប់កាំភ្លើងព្រោះក្តីប្រចណ្ឌ
មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អល់មួយទាំងយប់បានកើតឡើងវេលាម៉ោង២៣និង១៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមន្ត្រីយោធាបម្រើការងារក្នុងកងអង្គរក្សម្នាក់ ដាច់ចិត្តបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ដោយកាំភ្លើងម៉ាក K59 បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមទាំង២នាក់ប្តី-ប្រពន្ធនៅលើគ្រែ បន្សល់ទុកនូវកូនប្រុសអាយុ២ឆ្នាំម្នាក់ឲ្យកំព្រាឪពុកម្តាយ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខណៈអ្នកភូមិរស់នៅជិតខាងកំពុងសម្រាកលង់លក់ក្នុងស្បៃរាត្រី ស្រាប់តែឮស្នូរគ្រាប់កាំភ្លើងចំនួន៣គ្រាប់ផ្ទួនៗគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងទាំងយប់ ទន្ទឹមគ្នានឹងឮសំឡេងស្ត្រីចំណាស់ជាម្តាយស្ត្រីរងគ្រោះស្រែកទ្រហោយំ រួចអ្នកជិតខាងក៏មកសួរនាំដើម្បីជួយឈឺឆ្អាល ក៏បានឃើញប្តី-ប្រពន្ធដេកស្លាប់ទាំង២នាក់នៅលើគ្រែតែមួយនៅខាងមុខផ្ទះរបស់ឪពុកម្តាយស្ត្រីរងគ្រោះ ។
ស្ត្រីចំណាស់ដែលជាម្តាយស្ត្រីរងគ្រោះបាននិយាយឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ អឿង សុនីតា អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ និងកូនប្រសាឈ្មោះ ភឿន ចិន្តា អាយុ២៤ឆ្នាំ មានមុខរបរជាទាហានបម្រើការងារក្នុងកងអង្គរក្សនៅរាជធានីភ្នំពេញ រៀបការជាមួយគ្នាបានកូនប្រុសម្នាក់អាយុ២ឆ្នាំជាចំណងដៃ ។
ម្តាយរបស់ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា កូនស្រីគាត់និងកូនប្រសាទើបមកពីរាជធានីភ្នំពេញមកលេងគាត់នៅឯស្រុកទីកន្លែងកើតហេតុ ។ មុនពេលកើតហេតុ គាត់បានឃើញកូនស្រីដេកនៅលើអង្រឹងក្នុងតូបជាប់នឹងផ្ទះមានគ្រែមួយ ខណៈកូនប្រសាគាត់នៅនឹងដៃមានកាំភេសជ្ជៈគោជល់២កំប៉ុងដើរទៅក្បែរគ្រែ រួចនិយាយជាមួយប្រពន្ធដែលកំពុងដេកលើអង្រឹង ។ បន្តមក គាត់ឮសូរអ្នកទាំងពីរប្រើពាក្យសម្តីធ្ងន់ៗរបៀបឈ្លោះប្រកែកគ្នា និងមួយសន្ទុះក្រោយទើបឮសំឡេងផ្ទុះ និងឮកូនប្រសាស្រែកប្រាប់គាត់ថា "ម៉ែអើយ…មើលកូនខ្ញុំផង ខ្ញុំបាញ់ប្រពន្ធស្លាប់ហើយ" ។ រួចហើយក៏ឮសំឡេងផ្ទុះទៀត គាត់ក៏ដើរទៅមើល ស្រាប់តែឃើញកូនទាំងពីរនាក់ដេកស្លាប់នៅលើគ្រែតែម្តង ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា បុរសជាប្តីបានប្រើកាំភ្លើងម៉ាក K59 ដោយស្ត្រីរងគ្រោះជាប្រពន្ធមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ចំសៀតផ្កាខាងឆ្វេងធ្លាយទៅខាងស្តាំ និងប្តីត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំសៀតផ្កាខាងស្តាំធ្លាយមកខាងឆ្វេង និងមានបន្សល់សម្បកក្បាលគ្រាប់ចំនួន៣គ្រាប់ នៅកន្លែងកើតហេតុ ។
ករណីនេះសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជាអំពើឃាតកម្ម និងអត្តឃាត ដោយប្តីបាញ់សម្លាប់ប្រពន្ធ រួចហើយបាញ់សម្លាប់ខ្លួនឯងធ្វើអត្តឃាតតាមក្រោយ ។
ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបាននិយាយបង្ហើបឲ្យដឹងថា ករណីប្តី-ប្រពន្ធទាំងពីរនាក់នេះទំនងជាមានទំនាស់គ្នាក្នុងរឿងភ្លើងប្រចណ្ឌ ៕
Source from: www.dtn7.com

Loading...
Loading...