ហាងកាហ្វេយួនបើកលេងល្បែងស៊ីសងបង់ថ្លៃឲ្យមេប៉ុស្តិ៍បឹងកេងកង២ចំនួន១០០ដុល្លារក្នុង១ខែ
ហាងកាហ្វេដែលមានថៅកែជាជនជាតិយួនមួយកន្លែង ឋិតនៅផ្ទះលេខ៣០៧ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ មិនត្រឹមតែបើកលក់កាហ្វេនៅជាន់ក្រោមប៉ុណ្ណោះទេ ប៉ុន្តែមានបើកវង់លេងល្បែងស៊ីសងគ្រប់ប្រភេទថែមទៀត នៅឡៅតឿជាន់ខាងលើ ដោយបានបង់ប្រាក់ប្រចាំខែឲ្យទៅលោកនាយប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ចំនួន១០០ដុល្លារអាមេរិក ជាថ្នូរនឹងការមិនចុះឆាឆៅឆែកឆេរ ឬបង្ក្រាបវង់ល្បែងស៊ីសងនេះ ។
ទោះបីមិនមែនជាបនល្បែងស៊ីសងធំដុំណាស់ណាក៏ដោយ ក៏ថៅកែហាងកាហ្វេជនជាតិយួននោះបាននិយាយដោយឥតលាក់លៀមថា មានអ្នកចូលលេងល្បែងអាចចាញ់ខ្ទង់រាប់រយដុល្លារអាមេរិកដែរ ខណៈថៅកែរូបនេះក៏បានទទួលស្គាល់ដែរថា បានបង់ប្រាក់ជាប្រចាំឲ្យទៅលោកនាយប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ចំនួន១០០ដុល្លារអាមេរិកក្នុង១ខែមិនដែលខកខានឡើយ ទើបអាចដំណើរការវង់ល្បែងស៊ីសងបាន ។
ដោយឡែក លោក ជុំ កុយ នាយប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ធ្លាប់បាននិយាយជាសាធារណៈនៅចំពោះមុខអ្នកកាសែតជាច្រើននាក់ កាលពីពេលកន្លងទៅថ្មីៗនេះថា "នៅក្នុងមូលដ្ឋានរបស់ខ្ញុំ លោកអ្នកកាសែតចង់ចុះផ្សាយអី ក៏ផ្សាយទៅ ខ្ញុំមិនខ្វល់ទេ ។ …រឿងលេងល្បែងស៊ីសងជារឿងធម្មតា នៅទីណាក៏មានដែរ " (Sic!) ៊
តើឯកឧត្តម នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិជាសមាជិក និងលោកឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាសមាជិកគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ និងលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោកអធិការនគរបាលខណ្ឌចំការមន យល់ឃើញ និងត្រូវអនុវត្តយកលុយកាក់ពីថៅកែហាងកាហ្វេយួនដែលបើកវង់ល្បែងស៊ីសង ដូចលោកនាយប៉ុស្តិ៍នគរបាលសង្កាត់បឹងកេងកងទី២ ដ៏ឆ្លាតវាងវៃដែរឬទេ ? ៕
Source from: www.dtn7.com

Loading...
Loading...