សំណុំរឿងក្តៅបុគ្គល ធាន វុទ្ធី នៅវត្តទួលព្រះរាជាចប់ហើយ ត្រឹមរួចខ្លួនចូលវត្តវិញ ខណៈប្រកាសក្តែងៗរបស់បុរសខ្លាំងគ្មានតម្លៃ
សំណុំរឿងក្តៅគគុកពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ ធាន វុទ្ធី ស្លៀកពាក់សរបៀបតួអង្គតាបស នៅវត្តទួលព្រះរាជា ឋិតក្នុងភូមិកំពង់គ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដែលមិនមែនជាករណីតូចតាច ឬសាមញ្ញ និងកំពុងទទួលបានការចាប់អារម្មណ៍តាមដានយ៉ាងយកចិត្តទុកចិត្តដាក់នោះ ឥឡូវនេះត្រូវបានបិទបញ្ចប់ដោយសោះកក្រោះហើយ គឺបុគ្គល ធាន វុទ្ធី ត្រូវបានក្រសួងធម្មការនិងសាសនា គណៈសង្ឃនាយក និងអាជ្ញាធរខេត្តកណ្តាល សម្រេចអនុញ្ញាតឲ្យចូលទៅរស់នៅក្នុងវត្តទួលព្រះរាជាធម្មតាឡើងវិញ ដោយគ្មានការទទួលរងនូវទោសទណ្ឌអ្វីឡើយ បន្ទាប់ពីរៀបចំឆាកល្ខោនមួយធ្វើជាចេញមុខមកសារភាពកំហុស និងសុំទោសតាមវិធីប្រើប្រាស់សន្លឹកបៀរកេណ្ឌកម្លាំងពុទ្ធសាសនិកជនឲ្យមានប្រៀបលើក្រុមមន្ត្រីមានសមត្ថកិច្ច និងគណៈសង្ឃនាយក ។
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នេះ អាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវករណីបុគ្គលឈ្មោះ ធាន វុទ្ធី និងគណៈសង្ឃនាយក បានចេញសេចក្តីថ្លែងការណ៍រួមមួយ រួមមាន ស្នាមមេដៃរបស់បុគ្គល ធាន វុទ្ធី ផង បានប្រកាសអនុញ្ញាតឲ្យបុគ្គលឈ្មោះ ធាន វុទ្ធី វិលចូលទៅវត្តទួលព្រះរាជាវិញ ខណៈវត្តទួលព្រះរាជានេះក្រសួងធម្មការនិងសាសនា គណៈសង្ឃនាយក និងអាជ្ញាធរខេត្តកណ្តាល នឹងរៀបចំនិមន្តព្រះសង្ឃមកគង់នៅ ព្រមទាំងបង្កើតគណៈកម្មការអាចារ្យវត្តសម្រាប់គ្រប់គ្រងឲ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងច្បាប់របស់រដ្ឋ ។
សេចក្តីថ្លែងការណ៍រួមនេះបានកើតឡើងក្រោយបុគ្គលឈ្មោះ ធាន វុទ្ធី ចេញមុខមកបំភ្លឺចំពោះការចោទប្រកាន់មកលើខ្លួន តាមការអញ្ជើញរបស់សាលាខេត្តកណ្តាល កាលពីថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០១៤ នៅចំពោះព្រះភក្ត្រគណៈសង្ឃនាយក ចំពោះមុខថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដោយវិធីសារភាពកំហុស និងសុំទោសរួចមក ។
ចំណុចគួរឲ្យកត់សម្គាល់នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ធាន វុទ្ធី នៅវត្តទួលព្រះរាជានោះ គឺ ៖
១-ជាករណីបង្កនូវការសង្ស័យមានរយៈពេល១០ឆ្នាំមកហើយៗបណ្តាញសារព័ត៌មានជាច្រើនធ្លាប់បានចុះផ្សាយអំពីរឿងនេះ ប៉ុន្តែគ្មានអាជ្ញាធរណារវីរវល់យកភ្នែកមើល ត្រចៀកស្តាប់ និងខួរក្បាលគិតពិចារណាឡើយ ។
២-ភាពមិនប្រក្រតីជាច្រើនទាក់ទងនឹងការប្រតិបត្តិរបស់បុគ្គល ធាន វុទ្ធី ដែលធ្លាប់តាំងខ្លួនជាតាបស ជាសម្តេចព្រះសង្ឃរាជ ជួន ណាត ចាប់ជាតិ ជាអ្នករកឃើញព្រះផុស អាចទំនាក់ទំនងជាមួយព្រះព្រហ្ម និងព្រះឥន្ទ្របាន រហូតដល់តាំងខ្លួនជាព្រះសិរិអារ្យមេត្រី ធ្វើឲ្យព្រះសង្ឃមួយចំនួនថ្វាយបង្គំបុគ្គល ធាន វុទ្ធី បង្កឲ្យមានភាពក្រឡាប់ចាក់ពេញវត្តទួលព្រះរាជា ត្រូវបានរកឃើញដោយក្រសួងធម្មការ និងសាសានា ជាពិសេសលើការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
៣-ជាសំណុំរឿងក្តៅធ្វើឲ្យភ្ញាក់ផ្អើលដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញប្រតិកម្មជាសាធារណៈប្រកាសឲ្យមានការចាប់ខ្លួន និង"វាយខ្នោះ"ទៅលើបុគ្គលឈ្មោះ ធាន វុទ្ធី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤ ។
៤-ក្រោយការប្រកាសក្តែងៗរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រី ឲ្យមានការតាមស្វែងរកចាប់ខ្លួនបុគ្គលឈ្មោះ ធាន វុទ្ធី នោះ ស្រាប់តែបុគ្គលឈ្មោះ ធាន វុទ្ធី បែរជាចេញមុខមកឆ្លើយបំភ្លឺអាជ្ញាធរខេត្តកណ្តាល និងគណៈសង្ឃនាយក ដោយអមមកជាមួយនូវក្រុមពុទ្ធសាសនិកជនស្លៀកពាក់សយ៉ាងព្រោងព្រាត ច្រើនជាងអាជ្ញាធរចាំស្តាប់ការឆ្លើយបំភ្លឺទៅទៀត ជាហេតុធ្វើឲ្យមជ្ឈដ្ឋាននានាមានការសង្ស័យថាជាការរៀបចំទុកជាមុន ដើម្បីឲ្យបុគ្គលឈ្មោះធាន វុទ្ធី មានឱកាសរួចខ្លួនផុតពីសំណាញ់ច្បាប់រដ្ឋ និងផ្លូវសាសនា ។
៥-សំណុំរឿងបុគ្គលឈ្មោះ ធាន វុទ្ធី ដែលជាតួអង្គបោកប្រាស់ និងបំផ្លិចបំផ្លាញកិត្យានុភាពព្រះពុទ្ធសាសនានៅកម្ពុជាដ៏ល្បីល្បាញ និងបង្កការភ្ញាក់ផ្អើលដល់បុគ្គលខ្លាំងជានាយករដ្ឋមន្ត្រី ព្រមទាំងជាប្រធានបទដ៏ក្តៅគគុកពាក់ព័ន្ធនឹងកិត្យានុភាពព្រះពុទ្ធសាសនាបែបនេះទៅហើយៗបែរជាបិទបញ្ចប់ត្រឹមការសារភាពកំហុស និងសុំទោស រួចហើយបុគ្គល ធាន វុទ្ធី បានវិលត្រឡប់ចូលវត្តទួលព្រះរាជាវិញ គឺបានបង្ហាញឲ្យឃើញថា មានមន្ត្រីរាជការគ្រាក់ៗជាច្រើននាក់អាចរួមទាំងមានសម្តេចសង្ឃទៀតផង ជួយជ្រោមជ្រែងផ្តល់ជាគំនិត និងវិធីសាស្ត្រប្រើប្រាស់កម្លាំងពុទ្ធសាសនិកជនមួយចំនួនដែលដង្ហែគាំទ្របុគ្គលឈ្មោះ ធាន វុទ្ធី ធ្វើជាខែលដើម្បីសម្រាលទោសទណ្ឌដល់បុគ្គលឈ្មោះ ធាន វុទ្ធី និងបើកផ្លូវឲ្យបុគ្គលរូបនេះបានរួចផុតពីទោសទណ្ឌត្រឹមសារភាពកំហុសឆ្គង និងសុំទោស ដ្បិតបុគ្គលឈ្មោះ ធាន វុទ្ធី អាចជាមនុស្សសំខាន់ ជាមនុស្សមានអត្ថប្រយោជន៍សម្រាប់ជនខិលខូចមួយចំនួនក្នុងជួរមន្ត្រីរាជការរបស់បុរសខ្លាំង និងសម្តេចសង្ឃ ទើបគេអាចកែច្នៃឲ្យសម្តីរបស់បុគ្គលខ្លាំងក្លាយជាឥតន័យខ្លឹមសារ ពោលគឺបានត្រឹមតែនិយាយចោល ។
ឥឡូវនេះ សំណុំរឿងក្តៅគគុកពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ធាន វុទ្ធី ត្រូវបានបិទបញ្ជប់ហើយត្រឹមបុគ្គលរូបនេះបានរួចខ្លួនផុតពីសំណាញ់ច្បាប់វិលត្រឡប់ចូលវត្តទួលព្រះរាជាវិញ ខណៈប្រកាសក្តែងៗរបស់បុរសខ្លាំងដែលថា តាមចាប់ខ្លួន និង"វាយខ្នោះ"លើបុគ្គល ធាន វុទ្ធី នោះប្រែជាគ្មានតម្លៃបានត្រឹមនិយាយឲ្យតែរួចផុតពីមាត់ប៉ុណ្ណោះ ៕
Source from: www.dtn7.com

Loading...
Loading...