ប្តីចិត្តឫស្សាចាប់ប្រពន្ធបង្ខាំងក្នុងផ្ទះធ្វើទារុណកម្មកាត់ម្រាមដៃដោយសារភ្លើងប្រចណ្ឌ
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង២៣យប់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ ឋិតក្នុងភូមិព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ដោយបុរសម្នាក់ត្រូវជាប្តីចាប់ស្ត្រីជាប្រពន្ធរបស់ខ្លួនបង្ខាំងក្នុងផ្ទះ ប្រើដំបងវាយធ្វើទារុណកម្ម និងប្រើកាំបិតកាត់ម្រាមដៃអស់ចំនួន២ម្រាម ព្រោះតែលង់ក្នុងភ្លើងប្រចណ្ឌទាំងមិនសមហេតុសមផល ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីចិត្តឫស្សាដែលចាប់ស្ត្រីជាប្រពន្ធរបស់ខ្លួនបង្ខាំងក្នុងផ្ទះ ដោយធ្វើទារុណកម្ម និងកាត់ម្រាមដៃអស់ចំនួន២ម្រាម ដោយសារភ្លើងប្រចណ្ឌនោះមានឈ្មោះ សុខ លូទីន អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម មានមុខរបរជាជាងធ្វើកាំ ជណ្តើរ និងស្ត្រីរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ ម៉ាត់ សំរស់ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះ សុខ លូទីន ជាជនសង្ស័យដែលត្រូវសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួននោះ បានសារភាពថា មូលហេតុដែលនាំឲ្យខ្លួនប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើប្រពន្ធ ដោយសាររឿងប្រចណ្ឌប្រពន្ធជាមួយបុរសម្នាក់ឈ្មោះ ចិត្ត រស់នៅក្បែរខាងគ្នា ដោយមុនពេលកើតហេតុ បុរសជាឈ្មោះ ចិត្ត នោះបានដើរកាត់មុខផ្ទះ ហើយបានញាក់ចិញ្ចើមដាក់ប្រពន្ធរបស់ខ្លួន និងប្រពន្ធរបស់ខ្លួនក៏បានសើចញញឹមញញែមឲ្យភ្នែកដាក់ទៅបុរសឈ្មោះ ចិត្ត វិញដែរ ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធដែលរងគ្រោះព្រោះប្តីធ្វើទារុណកម្មនោះ ត្រូវបានសមត្ថកិច្ចសម្រុកចូលរំដោះបាន និងដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះជាតិទាំងយប់ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិរួចមក ខណៈដែលបច្ចុប្បន្នសមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿង និងបញ្ជូនវត្ថុតាង ព្រមទាំងខ្លួនជនសង្ស័យទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕
Source from: www.dtn7.com

Loading...
Loading...