
តំណាងក្រុមអាជីវកររកស៊ីក្នុងវិស័យផ្ទះសំណាក់ សណ្ឋាគារ បានធ្វើលិខិតមួយច្បាប់ក្នុងខែកញ្ញា ឆ្នាំ២០១៣នេះ គោរពជូនឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើសុំឲ្យមានការស៊ើបអង្កេតនិងលុបបំបាត់អំពើពុករលួយ ទាក់ទងនឹងការយកតួនាទីជាមន្ត្រីតាមជំនាញផ្សេងៗជំរិតទារប្រាក់ពីក្រុមអាជីវករ និងជាពិសេសលើបញ្ហាគ្រឿងញៀន ។
លិខិតរបស់ក្រុមតំណាងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារបានរៀបរាប់ថា "បញ្ហាគ្រឿងញៀនធ្វើឲ្យពួកយើងខ្ញុំមានការខ្លាចរអាតែម្តង ។ ក្រោមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព អាជ្ញាធរគ្រប់លំដាបថ្នាក់ រួមទាំងថ្នាក់ក្រសួង រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ព្រមទាំងប្រជាពលរដ្ឋផង ត្រូវរួមគ្នាបំបាត់គ្រឿងញៀន ។ ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារជាច្រើនតែងតែដាក់បំរាមដល់ភ្ញៀវ គឺហាមការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅក្នុងបរិវេណរបស់ខ្លួន ។ តែទោះជាយ៉ាងណាក៏ដោយ ការដាក់បំរាមនេះមិនអាចទប់ស្កាត់ភ្ញៀវដែលមានបំណងអាក្រក់ ដូចជាអ្នកប្រើប្រាស់គ្រឿងញៀន ឬអ្នកជួញដូរគ្រឿងញៀនដែលមកស្នាក់អាស្រ័យ ពីព្រោះយើងខ្ញុំមិនអាចទៅឆែកឆេរខ្លួនប្រាណ ឬរបស់ប្រើប្រាស់ផ្សេងៗទៀតរបស់ភ្ញៀវដែលមកសម្រាកបានឡើយ ។
ដូចនេះ ពេលដែលសមត្ថកិច្ចគ្រឿងញៀន ក៏ដូចជាអាជ្ញាធរ រួមទាំងតំណាងព្រះរាជអាជ្ញាផងដែរ ចុះបេសកកម្មបង្ក្រាបការប្រើប្រាស់គ្រឿងញៀន ឬជួញដូរគ្រឿងញៀន គឺម្ចាស់ផ្ទះសំណាក់ សណ្ឋាគារតែងតែត្រូវបានកោះហៅទៅធ្វើកំណត់ហេតុអំពីហេតុការណ៍ដែលកើតឡើង ។
បើមើលតែមួយភ្លែត តំណាងតុលាការ អាជ្ញាធរ និងសមត្ថកិច្ចខំប្រឹងប្រែងមែនទែនក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។ ប៉ុន្តែការពិត ពួកយើងខ្ញុំតែងតែត្រូវបង់លុយជាច្រើនពាន់ ម៉ឺនដុល្លារអាមេរិក រត់ការទៅឲ្យតំណាងតុលាការ អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ បើមិនដូច្នោះទេ ពួកយើងខ្ញុំនឹងត្រូវប្រឈមមុខនឹងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនមាត្រា៤៤ បទសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀន ដែលអាចជាប់គុកឬត្រូវប្រឈមនឹងការបិទទីតាំងប្រកបអាជីវកម្មពីសំណាក់អាជ្ញាធរដែនដី ។
យោងតាមច្បាប់ព្រហ្មទណ្ឌ វិមតិសង្ស័យនឹងបានប្រយោជន៍ដល់ជនជាប់ចោទ ។ ដូចនេះ ការដាក់បទចោទប្រកាន់មកលើម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ គួរតែមានព័ស្តុតាងច្បាស់លាស់ ប៉ុន្តែអំណាចរបស់សមត្ថកិច្ចគ្រាន់តែសង្ស័យ គឺចាប់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារដើម្បីគំរាមបញ្ជូនទៅតុលាការ បើមិនធ្លាក់លុយទេ ។ ក្នុងពេលខ្លះ ដូចជាស្តែងពេក ពេលដែលសមត្ថកិច្ចសម្រុកចូលឆែកឆេរបន្ទប់ភ្ញៀវស្នាក់នៅតែមួយបន្ទប់ ហើយប៉ះអ្នកប្រើប្រាស់ ឬចែកចាយ ឬជួញដូរគ្រឿងញៀនជាដើម ដែលទំនងជាសមត្ថកិច្ចមានភ្នែកទិព្វដូច្នោះដែរ ។ " ។
ក្រុមតំណាងអាជីវករម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនទៀតថា "ពួកយើងខ្ញុំសូមស្វាគមន៍ចំពោះចំណាត់ការបង្ក្រាបគ្រឿងញៀនដ៏បរិសុទ្ធ មានតម្លាភាព ដើម្បីធ្វើឲ្យសង្គមមានសន្តិភាព និងសុវត្ថិភាព ។ ប៉ុន្តែយើងខ្ញុំសូមសម្តែងនូវការមិនពេញចិត្តទៅលើចំណាត់ការរបស់សមត្ថកិច្ចដែលប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីជំរិតទារប្រាក់ពីអាជីវករស្លូតត្រង់ ដូចជាពួកយើងខ្ញុំជាដើម ។ ពួកយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិទី៥នេះនឹងធ្វើកំណែទម្រង់ស៊ីជម្រៅលើអាជ្ញាធរ សមត្ថកិច្ច និងតុលាការមិនឲ្យប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីជំរិតប្រាក់ពីពួកអាជីវករដូចជាពួកយើងខ្ញុំជាដើម ។ " ៕
Source from: www.dtn7.com
No comments:
Post a Comment