
មិនទាន់មានការបំភ្លឺបញ្ជាក់ឲ្យបានច្បាស់លាស់ណាមួយពីគណបក្សសង្គ្រោះជាតិនៅឡើយ ក្នុងការឆ្លើយតបទៅនឹងការអះអាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលថា ឯកឧត្តម សម រង្ស៊ី បានទទួលស្គាល់អាសនៈរដ្ឋសភារួចហើយ គឺគណបក្សសង្គ្រោះជាតិចំនួន៥៥អាសនៈ និងគណបក្សប្រជាជនកម្ពុជាចំនួន៦៨អាសនៈ ក្នុងកិច្ចចរចារវាងគណបក្សនយោបាយទាំងពីរកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក។
"សម្តេចតេជោសែន" ធ្លាប់បានប្រកាសព្រមានកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក "ប្រសិនបើឯកឧត្តមសម រង្ស៊ី ធ្វើបាតុកម្ម សម្តេចនឹងបញ្ចេញខ្សែអាត់ថតសំឡេងក្នុងកិច្ចប្រជុំចរចារវាងគណបក្សនយោបាយទាំងពីរបង្ហាញជាសាធារណៈ ពីព្រោះបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលែងមានន័យហើយ ដោយសារឯកឧត្តម សម រង្ស៊ី បានទទួលស្គាល់លទ្ធផលបោះឆ្នោត និងទទួលស្គាល់សម្តេចជានាយករដ្ឋមន្ត្រីរួចទៅហើយ" ។
ការព្រមានបែបនេះរបស់បុរសខ្លាំងនៃកម្ពុជា គឺបន្ទាប់ពីឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងន័យព្រមានថា "ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនគោរពឆន្ទៈប្រជាពលរដ្ឋ ឯកឧត្តមនឹងអំពាវនាវឲ្យកម្មករ កម្មការិនីរោងចក្រ សហគ្រាស អាជីវករ និងមន្ត្រីរាជការឲ្យពួកគាត់កូដកម្មឈប់ធ្វើការមួយថ្ងៃ ហើយនឹងធ្វើបាតុកម្មទូទាំងប្រទេស ដើម្បីទាមទាររកយុត្តិធម៌ " ។
ក្រុមអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានពិចារណាថា ជាធម្មតា កិច្ចប្រជុំចរចារវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា បើ"សម្តេចតេជោសែន"អះអាងថា មានខ្សែអាត់ថតសំឡេង ដូច្នេះឯកឧត្តម សម រង្ស៊ី ក៏អាចមានខ្សែអាត់ថតសំឡេងដូចគ្នា សម្រាប់ទុកជាឯកសាររៀងៗខ្លួន ។
ម្យ៉ាងទៀត ក្រុមអ្នកវិភាគឯករាជ្យបានធ្វើការពិចារណាដែរថា បើឯកឧត្តម សម រង្ស៊ី ឬគណបក្សសង្គ្រោះជាតិបានទទួលស្គាល់លទ្ធផលឆ្នោត និងទទួលស្គាល់បុរសខ្លាំងជានាយករដ្ឋមន្ត្រីរួចហើយដូចការអះអាងរបស់បុរសខ្លាំងនោះ តើត្រូវមានហេតុផលអ្វីដែលនាំឲ្យគណបក្សសង្គ្រោះជាតិគំរាមឬព្រមានប្រកាសធ្វើបាតុកម្មទូទាំងប្រទេស ?
ឥឡូវនេះ រឿងរ៉ាវពិតយ៉ាងណានោះមិនទាន់បានបញ្ជាក់ឲ្យដឹងច្បាស់លាស់ ដើម្បីបំបាត់មន្ទិលសង្ស័យក្នុងស្រទាប់អ្នកគាំទ្ររបស់គណបក្សនយោបាយទាំងពីរនៅឡើយ ពីព្រោះមិនទាន់ឃើញមានការបំភ្លឺឆ្លើយតបពីគណបក្សសង្គ្រោះជាតិទៅនឹងការអះអាងរបស់បុរសខ្លាំងនៃកម្ពុជា ។
ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកគាំទ្រគណបក្សនយោបាយទាំងពីរបានលើកឡើងថា បើរឿងរ៉ាវនេះក្លាយជាមិនពិត គឺមានន័យថា "សម្តេចតេជោសែន"ដែលជាបុរសខ្លាំងចេះតែថាឲ្យឮ ដើម្បីបំបាក់ស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុន្តែបើរឿងនេះវាជារឿងពិតប្រាកដវិញ គឺមានន័យថា ឯកឧត្តម សម រង្ស៊ី ប្រើល្បិចកលភូតភរអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាក់ទងនឹងលទ្ធផលឆ្នោត ។
មជ្ឈដ្ឋានមួយចំនួនទៀតបានលើកឡើងថា បើគណបក្សនយោបាយទាំងពីរពិតជាសឿងបឿងមែន គួរបញ្ចេញខ្សែអាត់ថតសំឡេងក្នុងកិច្ចប្រជុំរវាងគណបក្សនយោបាយទាំងពីរ"បើមាន"តែម្តងទៅ ដើម្បីកុំឲ្យអ្នកគាំទ្រគណបក្សនយោបាយរៀងៗខ្លួនមានការសង្ស័យ ឬចាត់ទុកថាជារឿងរសើបតទៅទៀត ប្រសើរជាជាងយកករណីខ្សែអាត់ថតសំឡេងនេះធ្វើជាឧបករណ៍គំរាមគ្នាទៅវិញទៅមក ពីព្រោះគណបក្សសង្គ្រោះជាតិក្តី គណបក្សប្រជាជនកម្ពុជាក្តី សុទ្ធតែបានអះអាងរួចហើយថា ការចរចាគឺធ្វើឡើងក្នុងន័យបម្រើឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ៕
Source from: www.dtn7.com