
ប្រជាពលរដ្ឋដែលរស់នៅភូមិឡាប៉ូ ភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា តាំងពីមុននិងក្រោយការបោះឆ្នោតរួចមក លោកចៅសង្កាត់មិនបានរវីរវល់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឡើយ ។
តាមប្រភពពីសហគមន៍ខាងលើបាននិយាយថា “ ពួកខ្ញុំមិនសុខចិត្តទេដែលបាត់បងផ្លូវចូលភូមិនិងផ្លូវទៅច្របគឺជាកន្លែងដងទឹករបស់សហគមន៍ ដែលធ្លាប់យកទឹកមកប្រើប្រាស់ប្រចាំថ្ងៃតាំងពីយូរលង់ណាស់មកហើយ និងធ្លាប់មានផ្លូវចេញចូលទំហំ៥ម៉ែត្រ តែតាំងពីលោក កែវឈន់ វុឌ្ឍី អាងឋានៈតួនាទីជាអនុចែកចាយស្រាបៀរអង្គរ និងធ្វើការនៅកាកបាទក្រហម ព្រមទាំងលក់គ្រឿងចក្រ និងមានប្រាក់កាសសូកប៉ាន់អ្នកធំ បានទិញដីពីសហគមន៍យើងខ្ញុំរួចមក គាត់បានធ្វើការឈូសឆាយដី និងព័ទ្ធរបងបិទផ្លូវចេញចូលពីផ្លូវជាតិមកក្នុងភូមិ និងពីភូមទៅកំពង់ទឹក គឺជាកន្លែងតែមួយគត់ដែលប្រជាពលរដ្ឋក្នុងភូមិទាំងមូលមកដងទឹកយកទៅប្រើប្រាស់ក្នុងគ្រួសារនីមួយៗ (ទុកផ្លូវត្រឹមតែ១,៥ម៉ែត្រ)” ។
ប្រភពបាននិយាយថា “ លោក កែវឈន់ វុឌ្ឍី គាត់ធ្វើដូច្នេះគឺខុសឆ្គងធ្ងន់ធ្ងរណាស់ ព្រោះជាផ្លូវដែលយើងខ្ញុំធ្លាប់ចេញចូលជាយូរឆ្នាំមកហើយ ម្យ៉ាងទៀតម្ចាស់ដីមុនបានទុកផ្លូវចូលភូមិប្រមាណជា៥ម៉ែត្រ និងផ្លូវទៅកំពង់ទឹកក៏មានទំហំ៥ម៉ែត្រដែរ ព្រមទាំងពីដំបូងលោក កែវឈន់ វុឌ្ឍី ក៏ធ្លាប់បានសន្យាថានឹងទុកផ្លូវដូចមុនដែរ ប៉ុន្តែឥឡូវនេះគាត់ក្បត់ពាក្យសន្យាហើយ ”។
តាមប្រភពព័ត៌មានខាងលើបានឲ្យដឹងបន្ថែមទៀតថា “យើងខ្ញុំបានទៅប្តឹងមេភូមិ និងចៅសង្កាត់ឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារួចមកហើយ តែមិនបានលទ្ធផលសោះដ្បិតកាលចៅសង្កាត់ជួបជាមួយលោក កែវឈន់ វុឌ្ឍី និយាយអំពីដីដែលមានបញ្ហានេះ យើងខ្ញុំឃើញថា គ្រាន់តែលោក កែវឈន់ វុឌ្ឍី ប៉ះស្មាលោកចៅសង្កាត់ហើយនិយាយថាមិនអីទេៗ រួចចេញទៅបាត់មិនមានដំណោះស្រាយអ្វីឡើយ ។ ដូច្នេះពួកយើងខ្ញុំជឿថា ប្រាកដជាមេភូមិ និងចៅសង្កាត់បានទទួលលាភសក្ការៈពីលោក កែវឈន់ វុឌ្ឍី ហើយ” ។
សហគមន៍ខាងលើបាននិយាយទៀតថា យើងខ្ញុំសូមអំពាវនាវដល់អជ្ញាធរមានសមត្ថកិច្ចមេត្តាជួយរកដំណោះស្រាយជូនពួកយើងខ្ញុំផង ពីព្រោះបើរំពឹងលើលោកមេភូមិ មេឃុំមិនដែលឃើញចេញមុខដោះស្រាយជូនពួកយើងខ្ញុំឡើយ គឺបានត្រឹមជិតដិតស្និទ្ធស្នាលនៅពេលឃោសនាបោះឆ្នោតប៉ុណ្ណោះ តែក្រោយពេលបោះឆ្នោះចប់ គឺដល់ត្រើយសើយគូទតែម្តង មិនបានបម្រើប្រជាពលរដ្ឋពិតប្រាកដ បែរជាបម្រើ លុយ និងអ្នកមានអំណាចទៅវិញ ។
ប្រភពបានឲ្យដឹងដែរថា “លោកចៅសង្កាត់បានគំរាមពួកយើងខ្ញុំថា គាត់នឹងវែកមុខរកឲ្យឃើញអ្នកដែលផ្តល់ព័ត៌មានឲ្យទៅអ្នកសារព័ត៌មានចុះផ្សាយទៀតផង ហើយបើសិនជារកឃើញនោះគាត់ថា គាត់នឹងធ្វើការមួយវគ្គទៀតចំពោះជននោះ” ។
បើតាមសម្តីរបស់លោក សឿន ជាមេភូមិឡាប៉ូបានឲ្យដឹងថា “គាត់បានដោះស្រាយពីរលើកទៅហើយ ដោយអញ្ជើញលោក កែវឈន់ វុឌ្ឍី បង្ហាញផ្លូវចេញចូលរបស់អ្នកភូមិ ហើយសុំឲ្យលោក កែវឈន់ វុឌ្ឍី ទុកផ្លូវចូលខាងលិច២ម៉ែត្រ និងខាងត្បូងភូមិជាផ្លូវដែលប្រជាពលរដ្ឋទៅដងទឹក ត្រូវទុកផ្លូវ១,៥ម៉ែត្រ ប៉ុន្តែបើគាត់មិនទុកផ្លូវទេនោះមានតែវាយរបងចោល ”។
លោក ទឹម លួង ជាចៅសង្កាត់បានមានប្រសាសន៍ថា “ ឥឡូវខ្ញុំបានឲ្យលោក កែវឈន់ វុឌ្ឍី ផ្លូវធ្វើឲ្យគេ(ប្រជាពលរដ្ឋដើរផង) និងធ្វើផ្លូវឲ្យគេចូលភូមិ និងផ្លូវទៅដងទឹក ដែលឥឡូវ លោក កែវឈន់ វុឌ្ឍី ក៏ព្រមវាយរបងចោលធ្វើផ្លូវរួចហើយដែរ ។ លើសពីនេះ ខ្ញុំបានសុំឲ្យលោក កែវឈន់ វុឌ្ឍី ចាក់សាបសម្រាប់ដាក់កាផាឬប៉ោត ហើយលោក កែវឈន់ វុឌ្ឍី ក៏ឯកភាពយល់ព្រម” ។
លោក កែវឈន់ វឌ្ឍី បាននិយាយថា “ ការពិតទៅប្រជាពលរដ្ឋគាត់មិនយល់ ខ្ញុំបានទុកផ្លូវសម្រាប់ឲ្យពួកគាត់ដែរ ហើយខ្ញុំមិនដែលរំលោភដីពួកគាត់ទេ មានតែជួយពួកគាត់ទៅវិញ ដូចជាធ្វើសម្បទានផ្លូវឲ្យពួកគាត់២ទៅ៣គីឡូម៉ែត្រថែមទៀត” ។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា “បញ្ហាខាងលើមិនទាន់មានដំណោះស្រាយដែលអាចទទួលយកបាននៅឡើយទេ។ ដូច្នេះឥឡូវនេះចាស់ទុំភូមិឡាប៉ូ និងភូមិសិល បាននិងកំពុងរៀបចំលិខិតស្នាមសុំការជួយអន្តរាគមន៍ពីអាជ្ញាធរក្រុង អាជ្ញាធរខេត្ត តំណាងរាស្ត្រ និងអង្គការ ADHOC បន្តទៀត” ៕
Source from: www.dtn7.com