
អាជីវកររកស៊ីជ្រែទំនិញតាមរទេះពីផ្សាររុងក្លឿប្រទេសថៃ ចូលមកដាក់ប្រមូលផ្តុំចែកចាយដល់រាជធានីភ្នំពេញម្នាក់ បានរអ៊ូររទាំថា គាត់រកស៊ីមុខរបរនេះអស់រយៈពេល១៥ឆ្នាំមកហើយ គ្រាន់បានចំណេញក្បាលកាក់បន្តិចបន្តួចចិញ្ចឹមជីវិត ប៉ុន្តែឥឡូវនេះសូម្បីតែក្បាលកាក់នោះក៏លែងចង់បានដែរ ដោយសារមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតម្រូវឲ្យបង់លុយក្រៅផ្លូវការមុខក្រោយច្រើនពេក ដែលក្នុងមួយរទេះ និងមួយជើងត្រូវបង់លុយពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល ។
អាជីវកររូបនោះបានរៀបរាប់ឲ្យដឹងថា សព្វថ្ងៃមានអ្នកប្រកបរបរជ្រែទំនិញនៅច្រកប៉ោយប៉ែតចំនួនពី១៣នាក់ទៅ១៥នាក់ ដែលនាំចូលទំនិញច្រើនប្រភេទរាប់រយតោនក្នុងមួយថ្ងៃៗពីប្រទេសថៃតាមរទេះចូលមកកម្ពុជា ដូចជា សម្លៀកបំពាក់សម័យ ស្បែកជើង…។ល។ រីឯការបង់លុយជូនមន្ត្រីគយគឺអាស្រ័យលើមាត់របស់មន្ត្រីគយជាអ្នកកំណត់តែម្តង ដែលជាធម្មតាត្រូវចូលខ្លួនទៅបង់លុយឲ្យមន្ត្រីគយនៅវេលាម៉ោង១៧ទៅ១៨ល្ងាចក្នុងមួយថ្ងៃៗ ចំនួនប្រមាណ២៥ម៉ឺនរៀលទៅ៣០ម៉ឺនរៀល "គិតតាមចំនួនជើងនាំទំនិញចូលតិចឬច្រើន" ដោយគ្មានទទួលបានបង្កាន់ដៃបង់លុយពីមន្ត្រីគយនោះទេ ។
ប្រភពពីអាជីវករខ្លះទៀតបានឲ្យដឹងដែរថា នៅមានការបង់លុយប្រចាំខែឲ្យទៅមន្ត្រីគយ ទើបអាចឈរជើងរកស៊ីនៅច្រកប៉ោយប៉ែតបាន គឺក្នុងម្នាក់ៗត្រូវបង់លុយប្រមាណពី៦លានរៀលទៅ៧លានរៀល ចំពោះអ្នកម៉ៅការទំនិញតាមរទេះដែលមានគ្របតង់ពណ៌ខៀវ ។
ក្រុមអាជីវករទាំងនោះបានបង្ហើបប្រាប់ទៀតថា ការប្រមូលទំនិញតាមរទេះពីប្រទេសថៃចូលមកកម្ពុជានោះ ត្រូវផ្ទេរបន្តទៅឲ្យក្រុមហ៊ុនកម្ពុជាអង្គរអ៊ិចប្រេស ដើម្បីចែកចាយដល់រាជធានីភ្នំពេញ ដែលក្រុមហ៊ុននេះទទួលបានសិទ្ធិផ្តាច់មុខពីមន្ត្រីគយ គ្រប់គ្រងដោយលោក ឈួន ហៃ ជាប្រធានស្នាក់ការគយប៉ោយប៉ែត និងក្រុមមន្ត្រីគយចល័ត ។
ពួកអាជីវករបានលើកឡើងថា បើមានយន្តការតម្រូវឲ្យបង់ពន្ធទំនិញនាំចូលតែមួយកន្លែងត្រឹមត្រូវតាមគោលការណ៍កំណត់ជាការបម្រើសេវាសាធារណៈនោះ ទំនងជាមានលក្ខណៈល្អប្រសើរជាងតម្រូវឲ្យបង់ពន្ធតាមមាត់របស់មន្ត្រីគយដែលមិនចេះចប់មិនចេះហើយរបៀបសព្វថ្ងៃនេះ ៕
Source from: www.dtn7.com