
នៅថ្ងទី២៧ ខែកញ្ញា ឆ្នាំ២០១៣នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំមួយស្តីពីការត្រៀមវិធានការទុកជាមុន ដើម្បីបញ្ជៀសនិងកាត់បន្ថយគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះទឹកជំនន់ ដោយបានជម្រាបជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា យោងតាមការតាមដានសង្កេតនិងព្យាករណ៍លើស្ថានភាពអាកាសធាតុបានបង្ហាញឲ្យឃើញថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបនិងព្យុះទី២១ឈ្មោះ វូទីព«WUTIP»បាននិងកំពុងព្រមទាំងបន្តបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងជោកជាំនៅក្នុងអាងទន្លេមេគង្គនិងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលការធ្លាក់ភ្លៀងនៅក្នុងអាងទន្លេមេគង្គនេះនឹងបង្កឲ្យទឹកជំនន់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ជន់ឡើងដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននិងកម្រិតដែលត្រូវលិចលង់។
ដោយយោងលើកត្តាអាកាសធាតុនេះ រាជរដ្ឋាភិបាលបានធ្វើការណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី រាជធានី-ខេត្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសអាជ្ញាធរខេត្តកណ្តាល ព្រៃវែង កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុតនិងត្រូវមានវិធានការត្រៀមទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព កាត់បន្ថយឲ្យបានជាអតិបរមានូវការប៉ះពាល់ដល់អាយុជីវិត គ្រោះថ្នាក់និងការខូចខាតផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃនេះ មានមនុស្សចំនួន២៣នាក់ហើយបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន៕
Source from: www.dtn7.com