
នារយៈពេលចុងក្រោយនេះ ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានអ្នកលេងFacebook និយាយពីរូបគាត់សឹងជាប់ជាប្រចាំ បន្ទាប់ពីគាត់បានបង្ហាញវត្តមានជាមួយនឹងខោខ្លី អាវយឺត និងម៉ាស៊ីនថតក្នុងថ្ងៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក និងជាពិសេសឯកឧត្តមរូបនេះមាន Account Facebook ផ្ទាល់ខ្លួនផងនិងក្រោមរូបភាពអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចំណុះទីស្តីការគណៈរដ្ឋមន្ត្រីផង។
ប្រសាសន៍របស់ឯកឧត្តម ផៃ ស៊ីផាន ទាំងតាមការឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋជាសាធារណៈផង ទាំងតាមទំព័រFacebookផង ធ្វើឲ្យអ្នកលេងFacebookមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅត្រង់ពាក្យថា«មានលុយទើបមានយុត្តិធម៌ ស្រុកណាក៏ដូចស្រុកណាដែរ សូម្បីតែនៅអាមេរិក។ដូច្នេះបើចង់បានយុត្តិធម៌ គួរតែគិតនាំគ្នារកលុយទៅ កុំគិតតែធ្វើបាតុកម្មតវ៉ាពេក»។«រាជរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលស្របច្បាប់ចាប់ពីថ្ងៃនេះតទៅ។ដូច្នេះ បើនរណានៅតែហៅថា រាជរដ្ឋាភិបាលនេះ ជារាជរដ្ឋាភិបាលខុសច្បាប់ នាយករដ្ឋមន្ត្រីចោរ ឬមិនគ្រប់ទឹក។ល។ជននោះត្រូវប្រឈមមុខនឹងច្បាប់ជាធរមាន»។«ខ្ញុំសូមរំលឹកថា ខ្ញុំជាមន្ត្រីរាជការ តែងតាំងដោយប្រមុខរាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាល គឺតែងតាំងដោយព្រះមហាក្សត្រ និងបានការគាំទ្រពីរដ្ឋសភាជាតិ។ដូច្នេះបើអ្នកប្រមាថខ្ញុំ មានន័យស្មើនឹងប្រមាថរាជរដ្ឋាភិបាល មានន័យស្មើនឹងប្រមាថព្រះមហាក្សត្រ ហើយប្រមាថរដ្ឋសភាជាតិ។អ្នកមានទោសព្រហ្មទណ្ឌហើយ។»។
ក្រោយការPost អត្ថបទនីមួយៗនៅក្នុងទំព័រFacebook ភ្លាម គឺឯកឧត្តម ផៃ ស៊ីផាន ត្រូវបានអ្នកលេងFacebook ស្វាគមន៍ភ្លាមៗដែរ នូវពាក្យពេចន៍ប្រមាថលើសដើម។
ដូច្នេះ ក្រៅពី«សម្តេចតេជោសែន»បុរសខ្លាំងនៅកម្ពុជា គឺឯកឧត្តម ផៃ ស៊ីផាន អាចត្រូវបានជាប់ចំណាត់ថ្នាក់ជាមន្ត្រីមានឈ្មោះល្បីជាងគេក្នុងFacebook ដែលជាបណ្តាញសង្គមដ៏ពេញនិយមនៅកម្ពុជា ខាងទទួលបានការរិះគន់និងការប្រមាថ បើប្រៀបធៀបទៅនឹងមន្ត្រីដទៃទៀត ដូចជា ឯកឧត្តម ជាម យៀប និងឯកឧត្តម ឈាង វុន…។ល។
សូមបញ្ជាក់ជូនថា ឯកឧត្តម ផៃ ស៊ីផាន អតីតជាអ្នកដើរតួធ្វើនយោបាយប្រឆាំងមួយរូបដែរ ប៉ុន្តែក្រោយមក ឯកឧត្តមរូបនេះក៏បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជាវិញ។បន្ទាប់ពីការចុះចូលរួចមក ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានតែងតាំងជាសមាជិកក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌«បច្ចុបុ្បន្នហៅថា ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌»អមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ដើម្បីទុកជាការលើកទឹកចិត្ត ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥០៧/២០៧ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៧។ តមក ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានតែងតាំងជាអនុប្រធានយន្តការសម្រាប់ធ្វើប្រតិកម្មរហ័ស«បច្ចុប្បន្នហៅថា អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស»ចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៦១សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៧ បន្ថែម។
លុះមកដល់ការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៤នៃរដ្ឋសភា ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨។លើសពីនេះ ឯកឧត្តម ផៃ ស៊ីផាន ក៏ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកនាំពាក្យរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។
ក្នុងការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា ដែលអ្នកលេងFacebook ហៅថា ជារាជរដ្ឋាភិបាលមិនគ្រប់ទឹកនោះ ឯកឧត្តម ផៃ ស៊ីផាន ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីដដែល ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣៕
Source from: www.dtn7.com