
ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញាបានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការភ្លាម គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើបាតុកម្មអហិង្សារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា។
ជាបាតុកម្ម ដើម្បីប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតផ្លូវការ និងទាមទារមឲ្យបង្កើតគណៈកម្មការដោះស្រាយបញ្ហាបោះឆ្នោតទាក់ទងនឹងបាតុកម្មលើកទី២ របស់គណបក្សសង្គ្រោះជាតិនេះ។
លោកបណ្ឌិត ហង្ស ពុទ្ធា ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក បានលើកឡើងថា ការធ្វើបាតុកម្មលើកទី២របស់គណបក្សសង្គ្រោះជាតិនេះ គឺដើម្បីបង្ហាញទំងន់ជាថ្មីម្ដងទៀតទៅគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីបាតុកម្មលើកទី១មិនទទួលបានលទ្ធផលអ្វីសោះឡើយនោះ។
យ៉ាងណាក៏ដោយលោកបណ្ឌិត ហង្ស ពុទ្ធា យល់ថាការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនេះមិនមែនជាជម្រើសល្អនោះទេ ប៉ុន្ដែដោយសារគណបក្សនេះមិនមានជម្រើសអ្វីផ្សេងក្រៅពីនេះ ដូច្នេះមានតែធ្វើបាតុកម្មប៉ុណ្ណោះ ដើម្បីទាមទាររកដំណោះស្រាយ។
សំលេងៈ
ចំណែកលោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងដែរថា ការធ្វើបាតុកម្មដោយសន្ដិវិធីគឺជាសិទ្ធិសេរីភាពក្នុងបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដូច្នេះគណបក្សសង្គ្រោះជាតិអាចធ្វើបាតុកម្មបាន។
ប៉ុន្ដែលោកថា ស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះដល់ពេលហើយ ដែលថ្នាក់ដឹកនាំកំពូលនៃគណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជួបគ្នា ដើម្បីស្រាយបញ្ហាដែលគេមើលឃើញថា កំពុងជាប់គាំងនយោបាយនោះ។
សំលេងៈ
មិនខុសគ្នាប៉ុន្មានដែរលោកម៉ាក ចំរើន ប្រធានសមាគមយុវជនខ្មែរបានលើកឡើងការធ្វើបាតុកម្មដោយសន្ដិវិធីលើកទី២របស់គណបក្សសង្គ្រោះជាតិ គឺសេរីភាពក្នុងការសម្ដែងមតិរបស់ប្រជាពលរដ្ឋ ចំពោះការមិនពេញចិត្តទៅនឹងលទ្ធផល និងភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយការធ្វើបាតុកម្មនេះ គឺចង់ទាមទាររកដំណោះស្រាយសមរម្យណាមួយ។
សំលេងៈ
គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើបាតុកម្មជាលើកទី២ មានរយៈពេល៣ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៣។ បាតុកម្មនេះក៏នឹងមានលក្ខណៈទ្រង់ទ្រាយធំជាងលើកទី១ផងដែរ៕ (ដោយៈឃួន សុភ័ក្រ)
Source from: Vayofm