​សង្គម​​ស៊ីវិល​:​ បាតុកម្ម​​លើក​​ទី​២​​របស់​បក្ស​​ប្រឆាំង​​មិន​មែន​​ជា​ជម្រើស​​ល្អ ប៉ុន្ដែ​​គ្មាន​​ជម្រើស​

ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​កាលពី​ថ្ងៃអាទិត្យ ទី​០៨ ខែ​កញ្ញា​បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ​ភ្លាម គណ​បក្ស​​​សង្គ្រោះ​​ជាតិ​ បានប្រកាស​ធ្វើ​បាតុកម្មអហិង្សា​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​។

ជា​បាតុកម្ម ដើម្បី​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ផ្លូវការ និង​ទាមទា​រ​មឲ្យបង្កើត​គណៈកម្មការ​ដោះស្រាយ​បញ្ហា​បោះឆ្នោត​​​ទាក់ទង​នឹង​បាតុ​កម្ម​​លើក​​ទី​២​​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។

លោក​បណ្ឌិត ហង្ស ពុទ្ធា ប្រធាន​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វិក បានលើកឡើង​ថា ការធ្វើ​បាតុកម្ម​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​ដើម្បី​បង្ហាញ​ទំងន់​ជា​ថ្មី​ម្ដង​ទៀត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បន្ទាប់​ពី​បាតុកម្ម​លើក​ទី​១​មិន​ទទួលបាន​លទ្ធផល​អ្វី​សោះ​ឡើយ​នោះ​។

​យ៉ាងណាក៏ដោយ​លោក​បណ្ឌិត ហង្ស ពុទ្ធា យល់ថា​ការធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​មិនមែន​ជា​ជម្រើស​ល្អ​នោះ​ទេ ប៉ុន្ដែ​ដោយ​​សារ​​​គណបក្ស​​នេះ​​មិន​​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពីនេះ ដូច្នេះ​មានតែ​ធ្វើបាតុកម្ម​ប៉ុណ្ណោះ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​។

សំលេងៈ

​ចំណែក​លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានលើកឡើង​ដែរ​ថា ការធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី​គឺជា​សិទ្ធិ​សេរីភាព​ក្នុង​បញ្ចេញ​មតិ​​របស់​ប្រជាពលរដ្ឋ​ដែល​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​បាតុកម្ម​បាន​។

ប៉ុន្ដែ​លោក​ថា ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ដល់​ពេល​ហើយ ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ជួបគ្នា​ ដើម្បី​ស្រាយ​បញ្ហា​ដែល​គេ​មើលឃើញ​ថា កំពុង​ជាប់​គាំង​នយោបាយ​នោះ​។

សំលេងៈ

​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​លោក​ម៉ាក ចំរើន ប្រធាន​សមាគមយុវជន​ខ្មែរ​បានលើកឡើង​ការធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ គឺ​សេរីភាព​ក្នុង​ការសម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ ចំពោះ​ការ​មិន​ពេញចិត្ត​ទៅ​នឹង​លទ្ធផល និង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ហើយ​ការធ្វើ​បាតុកម្ម​នេះ គឺ​ចង់​ទាមទារ​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​។​

សំលេងៈ

​គួរបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​បាតុកម្ម​ជា​លើក​ទី​២ មាន​រយៈពេល​៣ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣​។ បាតុកម្ម​នេះ​ក៏​នឹង​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​លើក​ទី​១​ផងដែរ​៕ (ដោយៈ​ឃួន សុភ័​ក្រ)​


Source from: Vayofm

No comments:

Post a Comment