
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ដែលបម្រើការងារ នៅវរៈការពារខេត្តកំពង់ស្ពឺ មានឋានន្តរស័ក្តិ ពលបាលត្រី ពីបទចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ១១និង៥០ នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងលំនៅឋាន ជនសង្ស័យ ស្ថិតក្នុងក្រុមទី២៦ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចជំនាញដកហូតបាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ICE ចំនួន ១ កញ្ចប់ធំ និង ៣១ កញ្ចប់តូចទម្ងន់ ១០២ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ ទូរស័ព្ទដៃ១ ម៉ូតូម៉ាកស្ទែប ១ គ្រឿង កាមេរ៉ាថត១ ស្បោងសម្រាប់វេចខ្ចប់គ្រឿងញៀន ២ ដុំ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាក សារិទ្ធ អនុប្រធាន ការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការជាមួយ លោកវរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យ ប្រឆាំងបទល្មើស ជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ។
លោកសាន់ ប៊ុនថន បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុំ ពិសី ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ ពាក់ព័ន្ធនឹងមេខ្លោង ផ្តល់គ្រឿងញៀន និងបានកសាងសំណុំរឿង ដើម្បីចាត់ការ តាមផ្លូវច្បាប់៕
Source from: watphnom-news.com