
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលរូបគេបានបើករថយន្តក្នុងស្ថានភាពស្រវឹងជោកជាំ ជ្រុលទៅបុកកន្លែងប៉ះកង់មួយកន្លែងនៅតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅខាងមុខវិទ្យាស្ថាន អេសធីខ្លេម៉ិនស៍ កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៣។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាម្ចាស់កន្លែងប៉ះកង់បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកហ្វរ៉េន័រ មួយគ្រឿង បើកបរតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចផ្លេកបន្ទោរ។ ខណៈពេលមកដល់កន្លែងកើតហេតុ រថយន្តក៏បានបត់មកខាងស្តាំដៃ ប៉ុន្តែដោយបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកន្លែងប៉ះកង់ និងបានបុកអូសម៉ូតូមួយគ្រឿងទៀត ទៅបោកផ្ទប់ នឹងរបងរបស់វិទ្យាស្ថាន អេសធីខ្លេម៉ិនស៍ បណ្តាលឲ្យអ្នកបើករថយន្តរងរបួសធ្ងន់ ចំណែករថយន្តត្រូវបានរងការខូចខាតយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដោយបានទំនាក់ទំនងហៅរថយន្តសាម៊ុយ មកដឹកយកអ្នករបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com