
អាមេរិក គាំទ្រការធ្វើបាតុកម្ម និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប្រសិនបើជាបាតុកម្មនោះ តវ៉ាដោយសន្តិវិធី និងគ្មានអំពើហិង្សា។តែផ្ទុយទៅវិញអាមេរិកមិនគាំទ្រជាដាច់ខាតចំពោះការធ្វើបាតុកម្មបង្កទៅជាអំពើហិង្សា ជាក់ស្តែងដូចជាបាតុកម្មនៅក្នុងប្រទេសអេហ្ស៊ីបជាដើម។នេះបើតាមការបញ្ជាក់ពីលោក ម៉ាក អ៊ិនតូស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបាននិយាយនៅថ្ងៃទី០៩ កញ្ញានេះ។
អ្នកនាំពាក្យរូបនេះបានបន្តថា សហរដ្ឋអាមេរិកសង្ឃឹមថា គណបក្សនយោបាយអាចជំនួស ការធ្វើបាតុកម្ម ដោយវិលមកចូលរួមនៅក្នុងការកែទម្រង់នៅក្នុងដំណើរការនៃការបោះឆ្នោត ដោយគោរពនូវសិទ្ធិមនុស្ស និងនីតិរដ្ឋវិញទើបប្រសើរ។ម្យ៉ាងវិញទៀតអាមេរិក គាំទ្រឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតី ចំពោះដំណើរការបោះឆ្នោតមួយចំនួន ដែលមានបញ្ហា។
ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក បានកើតឡើងក្រោយពេលដែល គណបក្សសង្គ្រោះជាតិ ប្រកាសជាថ្មីថា ខ្លួននឹងធ្វើបាតុកម្មបន្តទៀតដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ កញ្ញា។ ការប្រកាសពីគម្រោងបាតុកម្មជាលើកទី២ របស់គណបក្សសង្គ្រោះជាតិដោយសារមហាបាតុកម្មអហិង្សា កាលពីថ្ងៃទី០៧ កញ្ញា មិនបានធ្វើអោយ គជបពន្យាពេលនៃការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និង គ្មានសញ្ញាណាមួយស្តីការបង្កើតគណៈកម្មាការឯករាជ្យមួយដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយបញ្ហាភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោតនាពេលកន្លងមក៕(ដោយ សៅ វិសាល)
Source from: Vayofm
No comments:
Post a Comment