មេដឹកនាំ​​បក្ស​សង្គ្រោះ​​ជាតិចុះ​ជួប​​ប្រជាពលរដ្ឋ​​ខេត្ត​កណ្ដាល​

​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​០៩ ខែ​កញ្ញា​នេះ បាន​ចុះ​ជួប​សំណេះសំណាល និង​ផ្លាស់ប្ដូរ​យោបល់ ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥០០​នាក់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ថ្លែង​ក្នុង​ពី​ធី​ជួបជុំ ជាមួយ​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​នោះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​មានប្រសាសន៍ ថា ក្រោយ​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស រួបរួម​គ្នា​បង្កើត​ជាគ​ណ​បក្ស​សង្គ្រោះ​ជាតិ​មក នៅ​ស្រុក​ខ្សាច់កណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ជោគជ័យ​យ៉ាងច្រើន។

សំលេងៈ​

​គួរបញ្ជាក់ ថា នៅក្នុង​មណ្ឌល​ខេត្តកណ្ដាល​ទាំងមូល គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​សំឡេង​ឆ្នោត​ចំនួន​៣៦៦,០៥៦ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ នីតិកាល​ទី​៥ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅនេះ​។​

​នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃអាទិត្យ ទី​០៨ ខែ​កញ្ញា លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  ថ្លែងថា ចាប់ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​រហូត​ដល់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​លើក​ទី​២ ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​។ គោលដៅ ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចុះ​ជួប​ប្រជាពល​រដ្ឋ​​នោះ រួមមាន ខេត្ត​កណ្តាល ផ្សារ​អូ​ឬ​ស្សី នៅ​រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង និង​ពោធិ៍សាត់​ជាដើម​។​

​គួរ​បន្ថែម ថា ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូ​វ​ការ​​មក គណបក្ស​សង្គ្រោះ​​​ជាតិ បានប្រកាស ថា នឹង​ធ្វើ​មហា​បាតុកម្មអហិង្សា​លើក​ទី​២ ដើម្បី​សម្តែង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ​ស៊ើបអង្កេត​នឹង​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោតជាតិ អាណត្តិ​ទី​៥​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវការ កាលពី​ថ្ងៃអាទិត្យ ទី​០៨ ខែ​កញ្ញា ដែល​ជា​លទ្ធផល​បង្ហាញ ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ចំនួន​៦៨ ចំណែក​គណ​បក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ចំនួន​៥៥ ប៉ុន្ដែ​លទ្ធផល​នេះ​ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​យក​ឡើយ​៕(ដោយៈឃួន សុភ័ក្រ)


Source from: Vayofm

No comments:

Post a Comment